ការផ្ដល់ឥណទានរបស់គ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារមានទំហំទឹក ប្រាក់ជិត៨ពាន់លានដុល្លារ

       ដោយៈលក្ខិណា

ភ្នំពេញៈ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា បាននិងកំពុងបន្តរួមចំណែកដ៏សំខាន់ក្នុងការលើកស្ទួយកម្រិតជីវភាព និងចូលរួមក្នុងកំណើនសេដ្ឋកិច្ចកម្ពុជា ទោះបីជាស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩។

វិស័យនេះ បន្តផ្ដល់ឥណទានដល់ប្រជាពលរដ្ឋកម្ពុជា ជាបន្តបន្ទាប់ផងដែរ ជាក់ស្ដែងគ្រឹះមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទបានផ្ដល់កម្ចីដល់ពលរដ្ឋមានទឹកប្រាក់ រហូតដល់៧,៨៤ពាន់លានដុល្លារអាមេរិក ។ នេះបើតាមលោកគិត សុវណ្ណារឹទ្ធ អគ្គនាយករងត្រួតពិនិត្យធនាគារជាតិនៃកកម្ពុជាថ្លៃងនៅក្នុងសិក្ខាសាលាមួយនៅថ្ងៃទី២៣ មីនា២០២២នេះ។

លោកបានមានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២១កន្លងទៅនេះ ទំហំទ្រព្យសកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ មានប្រមាណ៩,១៦ ប៊ីលានដុល្លារអាមេរិក ក្នុងនោះប្រាក់កម្ចីសរុបមានប្រមាណ៧,៨៤ប៊ីលានដុល្លារអាមេរិក ត្រូវបានផ្តល់ដល់អតិថិជនជាង ១,៩៧​លានគណនី និងគណនីប្រាក់បញ្ញើនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើមានចំនួនជាង២,៥៧លានគណនី ដែលមានទំហំប្រាក់បញ្ញើសរុបប្រមាណ៤,១៣ ប៊ីលានដុល្លារអាមេរិក) ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ទោះបីកម្ពុជាស្ថិតក្នុងកាលៈទេសៈដ៏លំបាក ដែលបណ្តាល មកពីការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយវិស័យមីក្រូហិរញ្ញវត្ថុ នៅតែរក្សានូវការរីកចម្រើន និងបានបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាដដែល ក្នុងបរិបទនៃការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ។

លោកបន្ថែមថា តួនាទីជាសារវ័ន្តរបស់ខ្លួនទៀតនោះ វិស័យមីក្រូហិរញ្ញវត្ថុ ក៏បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជាថែមទៀតផង តាមរយៈការកាត់បន្ថយគម្លាត នៃការទទួ​លបានសេវាហិរញ្ញវត្ថុផ្លូវការ រវាងប្រជាជនក្នុងទីប្រជុំជននិងទីជនបទ ដើម្បីមានលទ្ធភាពបំពេញតម្រូវការ សេវាហិរញ្ញវត្ថុទាន់ពេលវេលា មានតម្លៃសមរម្យ និងមានកិច្ចគាំពារតាមផ្លូវច្បាប់ ចំពោះប្រជាជននៅតាមតំបន់ដាច់ស្រយា​ល ដែលពុំមានប្រតិបត្តិការធនាគារទៅដល់នោះ ។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បានមានប្រសាសន៍ថា ស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា សមាជិករបស់សមាគមទាំង១២១គ្រឹះស្ថាន បានបង្ហាញនូវការប្តេជ្ញាចិត្ត នឹងដោះស្រាយបញ្ហាជាមួយអតិថិជន ប្រកបដោយភាពទន់ភ្លន់ និងឈ្នះ-ឈ្នះ ជាពិសេសក្នុងអំឡុងពេលដ៏លំបាក ដោយសារផលប៉ះពាល់អវិជ្ជមាន នៃជំងឺកូវីដ១៩ផងដែរ ។

គ្រឹះស្ថានហិរញ្ញវត្ថុទាំងនេះ ក៏បានដាក់ទិសដៅរួមមួយស្រាប់ សម្រាប់អតិថិជនរបស់ឱ្យខ្លួនទទួលបានយោគជ័យ និងបន្តប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព ដោយប្រកាន់យកនូវគោលការណ៍ មួយគឺភាពជោ​គជ័យរបស់អតិថិជន ទើបជាភាពជោគជ័យពិតប្រាកដរបស់គ្រឹះស្ថាន ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក៏បានប្រកាសរួមជាមួយ សមាគមធនាគារនៅកម្ពុជា ក្នុងការប្រកាសដាក់ឱ្យអនុវត្តន៍នូវក្រម ប្រតិបត្តិនៃវិស័យធនាគារនិងហិរញ្ញវត្ថុ ដើម្បីចូលរួមក្នុងការលើកស្ទួយ វិស័យហិរញ្ញវត្ថុនៅកម្ពុជា កាន់តែមានភាពប្រសើរឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here