ដោយ: ម៉ាលីស
ភ្នំពេញ: ចាស់ៗពីដើមតែងឲ្យតម្លៃ លើភាពឧស្សាហ៍ព្យាយាម ពេលនៅវ័យរៀន គាត់តែងទូន្មានឲ្យយើងខំរៀន។ លុះដល់ពេលចូលធ្វើការ គាត់ក៏ណែនាំឲ្យយើងប្រឹងប្រែង ធ្វើការរកលុយទាន់ខ្លួននៅក្មេង។
ចុះហេតុផលអ្វីខ្លះ ទៅបានជាគាត់តែងឲ្យដំបូន្មានឲ្យខំប្រឹងប្រែងរកលុយទាន់ខ្លួននៅក្មេងដូចនេះ?។
១ នៅក្មេងមានពេលវេលាច្រើន
ពេលយើងចាប់ផ្ដើមចេញធ្វើការរកលុយពីក្មេង យើងមានពេលវេលាច្រើន ក្នុងការធ្វើការនិងស្វែងរកការងា យើងចូលចិត្ត។ យើងអាចរៀនសូត្រ ដកស្រង់បទពិសោធន៍ ឬជំនាញផ្សេងៗពីការងារទាំងនោះ។ បើរកការងារបានហើយត្រូវនឹងជំនាញហើយតែដូចមិនស្រលាញ់ចូលចិត្តទេនោះ យើងមានពេលច្រើនក្នុងការចាប់ផ្ដើមសារជាថ្មី។
ឆ្លងកាត់ពេលវេលានិងការងារជាច្រើន យើងអាចសន្សំបានទាំងបទពិសោធន៍ និងជំនាញល្អៗសម្រាប់ ការងារថ្ងៃមុខបន្តទៀត។
២ នៅក្មេងទាន់មានកម្លាំង
មិនថាការងារឬរបររកស៊ីទេ សុទ្ធតែទាមទារការយកចិត្តទុកដាក់ប្រើកម្លាំងកាយ កម្លាំងចិត្ត ប្រឹងប្រែងអស់ពីលទ្ធភាពទើបទទួលបានលទ្ធផលល្អ ។ ការងារមួយណាក៏មានសម្ពាធ និងបញ្ហាដែរហេតុនេះនៅវ័យក្មេង ជាពេលវេលាល្អបំផុត ដែលយើងមានកម្លាំងកាយកម្លាំងចិត្តពេញលេញ ប្រឈមនឹងសម្ពាធនិងឧបសគ្គផ្សេងៗ។
ទាន់កំពុងពេញកម្លាំងខំធ្វើការផង និងមានការរកស៊ីបន្ថែមផងបង្កើតប្រភពចំណូល២ ទៅ៣ក្នុងពេលតែមួយក៏ជារឿងល្អ ។ កាលណាអាយុរាងជ្រេយើង នឹងចាប់ផ្ដើមមានអារម្មណ៍ថា ងាយនឿយហត់ អស់កម្លាំងហើយ។
៣ មិនទាន់មានជាប់បន្ទុកច្រើន
នៅក្មេងមិនទាន់មានដៃគូ ឬគ្រួសារយើងមានពេលច្រើនផ្តោតទៅលើការងារឬប្រឹងតែរកលុយ។ សៅរ៍ អាទិត្យ អាចថែមម៉ោងធ្វើការដល់យប់ជ្រៅក៏មិន ជាបញ្ហាមិនចាំបាច់ខ្វល់ ឬប៉ះពាល់ដល់អារម្មណ៍អ្នកណា។ តែពេលមានគ្រួសារ ត្រូវបែងចែកពេលវេលាជាច្រើនផ្នែកមិនអាចផ្តោតសំខាន់ តែលើរឿងការងាររកលុយ មួយមុខទៀតបានទេ។
ម្យ៉ាងទៀតពេលនៅខ្លួនមួយ យើងអាចសម្រេចចិត្តបានដោយខ្លួនឯងដោយមិនត្រូវការការអនុញ្ញាត ឬពិភាក្សាវែងអន្លាយឡើយ។ តែដល់ពេលមានគ្រួសារមានបន្ទុក មុននឹងសម្រេចចិត្តធ្វើអ្វីមួយត្រូវពិចារណាគិតគូរវែងឆ្ងាយ។
៤ អាចឆាប់បានចូលនិវត្តន៍
ដូចពាក្យស្លោកដែលចាស់ៗ តែងពោលខាងលើ បើយើងប្រឹងរកប្រឹងសន្សំប្រឹងវិនិយោគ តាំងពីក្មេងនៅអាយុខ្ទង់សែឬហាសិបឆ្នាំយើងអាចឆាប់ ឈានដល់ដំណាក់កាលសម្រេច បានសេរីភាពហិរញ្ញវត្ថុ។ ដល់ពេលនោះមានប្រភពចំណូលនឹងនរហើយ យើងអាចបន្ថយល្បឿនរកលុយបន្តិចហើយ យកពេលនោះទៅសម្រាកទៅធ្វើអ្វីដែលយើងចូលចិត្ត ដោយមិនចាំបាច់ព្រួយបារម្ភ ពីប្រាក់ចំណូលទៀតឡើយ។
ហេតុដូច្នេះហើយទាន់នៅក្មេង មានពេលវេលាច្រើននៅមានកម្លាំង និងមិនទាន់ជាប់ជំពាក់ជាមួយចំណង ជុំវិញខ្លួនច្រើនយល់ល្អ អ្នកគួរប្រញាប់ខិតខំប្រឹងប្រែងកសាងមូលដ្ឋាន ហិរញ្ញវត្ថុផ្ទាល់ខ្លួនចាប់ពីពេលនេះទៅ៕