ក្រុមហ៊ុនចំនួន១០០និងផលិតផល៦១៩មុខទទួលបាវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដាផលិតផលហាឡាល់

ដោយៈ សុផារី

ភ្នំពេញៈ រហូតមកដល់បច្ចុប្បន្ននេះ កិច្ចការវិញ្ញាបនបត្របញ្ជា​ក់បច្ចេកទេសស្តង់ដា ផលិតផលហាឡាលកម្ពុជា សម្រេចបាននូវការទទួលពាក្យស្នើសុំចំនួន២២១ពាក្យស្នើសុំ បានចេញវិញ្ញាប​នបត្រចំនួន១៩៦ វិញ្ញាបនបត្រមាន១០០ក្រុមហ៊ុន សហគ្រាស សិប្បកម្ម និងអាហារដ្ឋាន ស្មើនឹងផលិតផលចំនួន៦១៩មុខទំនិញ។

នេះបើតាមលោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងជាសមាជិកគណៈកម្មាធិការត្រួតពិនិត្យ ផលិតផលហាឡាលកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១ របស់គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា នៅថ្ងៃទី២២ ខែមីនា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ប៉ាន សូរស័ក្តិ បានជំរុញនិងលើកទឹកចិត្តឱ្យក្រុមការងារបច្ចេកទេស ជាពិសេសក្រុមឯកទេសផលិតផលហាឡាល និងមន្ត្រីអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងនាមជាសេនាធិការបន្តនិរន្តរភាពកិច្ចការហាឡាលនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ដើម្បីទទួលបាននូវការគាំទ្រ និងទំនុកចិត្តពីគ្រប់មជ្ឈដ្ឋាន។

លោករដ្ឋមន្រ្តីបានលើកទឹកចិត្ត ឱ្យបន្តពង្រឹងគុណភាពការផ្តល់សេវា និងជំរុញការស្នើសុំវិញ្ញាបនបត្របញ្ជាក់ បច្ចេកទេសស្តង់ដាផលិតផលហាឡាលកម្ពុជា ការយកកម្រៃសេវាសាធារណៈលើកិច្ចការចុះបញ្ជី និងវិញ្ញាបនបត្របញ្ជាក់បច្ចេកទេស ស្តង់ដាផលិត​ផលហាឡាលកម្ពុជា រៀបចំសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពនៃលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា រៀបចំសេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការតែងតាំងសមាសភាព នៃក្រុមឯកទេសផលិតផលហាឡាល លើកកម្ពស់ទំនុកចិត្ត លើការប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជា តាមរយៈការជំរុញការអនុវត្តច្បាប់ និងបទប្បញ្ញត្តិបច្ចេកទេសពាក់ព័ន្ធដោយទន់ភ្លន់ ប្រកបដោយជំនាញនិងវិជ្ជាជីវៈ និងជំរុញការលើកកម្ពស់ការយល់ដឹង ជាសាធារណៈអំពីកិច្ចការហាឡាល។

លោករដ្ឋមន្រ្តីបានលើកឡើងបន្តថា “កិច្ចការហាឡាល គឺជាប្រធានបទដ៏សំខាន់ ដែលរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយក្នុងនោះផលិតផលហាឡាលមិនត្រឹមតែមានតម្រូវការខ្ពស់ សម្រាប់ប្រទេសដែលកាន់សាសនាឥស្លាមប៉ុណ្ណោះទេ”។ លោកបន្តថា “ប៉ុន្តែសម្រាប់ប្រទេសដទៃទៀត ក៏មានតម្រូវការផលិតផលហាឡាលផងដែរ ដោយសារពាក្យថា “ហាឡាល” គឺសំដៅលើភាពស្អាត ឬអនាម័យខ្ពស់ ដែលធ្វើការផលិតដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិឥស្លាម”៕

LEAVE A REPLY

Please enter your comment!
Please enter your name here