ដោយ៖ សុធារី
ភ្នំពេញ៖ FOREX ឬ Foreign Exchange ដែលជាទូទៅត្រូវបានហៅថាការប្តូរប្រាក់ គឺជាសកម្មភាពទិញដូររូបិយប័ណ្ណប្រទេសមួយសម្រាប់រូបិយប័ណ្ណប្រទេសមួយទៀតដោយប្រើអត្រាប្តូរប្រាក់ឬ Exchange Rate ដែលមាននៅក្នុងទីផ្សារ។
ហេតុអ្វីចាំបាច់មានFOREX ឬការទិញដូររូបិយប័ណ្ណ?
សកម្មភាពទេសចរណ៍ ការធ្វើដំណើរ និងទំនាក់ទំនងពាណិជ្ជកម្មនាំចេញនាំចូលរវាងប្រទេសមួយទៅប្រទេសជាច្រើនទៀត ដែលមានរូបិយប័ណ្ណខុសៗគ្នាធ្វើឱ្យមានតម្រូវការប្តូរប្រាក់។
ឧទាហរណ៍: ក្រុមហ៊ុននៅកម្ពុជាត្រូវប្តូរប្រាក់រៀលទៅជាប្រាក់អឺរ៉ូ ដើម្បីទៅទិញផលិតផលនៅអឺរ៉ុប ឬបុរសជនជាតិជប៉ុនម្នាក់ត្រូវប្តូវប្រាក់ខ្លួនមកជាប្រាក់រៀលសម្រាប់ចាយវាយក្នុងពេលមកដំណើរកំសាន្តក្នុងប្រទេសកម្ពុជា។
ម្យ៉ាងទៀត ដោយសារតែអត្រាប្តូរប្រាក់ ឬForeign Exchange Rate មានការប្រែប្រួលឡើងចុះជាប្រចាំ FOREXត្រូវបានគេចាត់ទុកជាPlatformមួយដ៏ធំ ដែលវិនិយោគិន ឈ្មួញកណ្តាល និង ក្រុមហ៊ុនធំៗជាច្រើនក្នុងពិភពលោកធ្វើការទិញដូរឬលក់រូបិយប័ណ្ណជាប្រចាំហើយផលចំណេញគឺអាស្រ័យតម្លៃនៃការទិញចូលនឹងលក់ចេញរបស់រូបិយប័ណ្ណទាំងនោះ។
មូលហេតុនេះបានធ្វើឱ្យទីផ្សារFOREXជាទីផ្សារធំជាងគេបំផុតនៅលើពិភពលោកដោយមានប្រាក់រាប់ពាន់លានដុល្លារផ្លាស់ប្តូរជារៀងរាល់ថ្ងៃ។
FOREX Tradingអាចប្រព្រឹត្តទៅបានតាមបណ្តាញអេឡិចត្រូនិចរបស់ធនាគារ ឈ្មួញកណ្តាល និងពាណិជ្ជករផ្សេងៗដែលសុទ្ធតែជាទីផ្សារFOREXទាំងអស់៕