ដោយ: ម៉ាលីស
ភ្នំពេញ: គិតត្រឹមដំណាច់ឆ្នាំ២០២១កន្លងទៅ វិស័យកាត់ដេរកម្ពុជាទទួលបានទុនវិនិយោគសរុបប្រមាណ៧ពាន់លានដុល្លារអាមេរិក ដែលធ្វើឱ្យវិស័យនេះបានរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចនិងការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិកាន់តែធំ។

គិតត្រឹមឆ្នាំ២០២១ ជាទិន្នន័យស្តុក វិស័យនេះបានស្រូបយកទុនវិនិយោគប្រមាណជាង៧ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងប្រមាណ១៧ភាគរយនៃការវិនិយោគផ្ទាល់ពីបរទេសសរុបនៅកម្ពុជា និងបានចូលរួមទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាយ៉ាងហោចណាស់ពី២,៥លាននាក់ទៅ៣លាននាក់ ដែលកំពុងអាស្រ័យផល ទាំងផ្ទាល់និងប្រយោល។
លោកបណ្ឌិតអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានមានប្រសាសន៍ កាលពីថ្ងៃ២១ ខែមីនា ឆ្នាំ២០២២ ថាចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ១៩៩០រហូតដល់ឆ្នាំ២០០៨ វិស័យកាត់ដេរបានរួមចំណែកប្រមាណ៩៥ភាគរយ។

បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ២០០៩មកដល់បច្ចុប្បន្ន វិស័យនេះនៅបន្តឈរនៅលំដាប់ទី១ ពោលគឺរួមចំណែកជាមធ្យមជាង៧០ភាគរយនៃការនាំចេញសរុបរបស់កម្ពុជា ខណៈដែលកម្ពុជាបាននិងកំពុងធ្វើពិពិធកម្មនាំចេញផលិតផលផ្សេងទៀត ដូចជាកង់ គ្រឿងបន្លាស់រថយន្ត និងគ្រឿងបង្គុំអេឡិត្រូនិកជាដើម។
លោកបន្តថា ក្នុងរយៈពេលមធ្យមនិងវែង វិស័យកាត់ដេរនឹងនៅតែបន្តជាចន្ទល់កំណើនសេដ្ឋកិច្ចមួយប្រកបដោយសក្ដានុពល តាមរយៈការពង្រីកនិងពង្រឹងមូលដ្ឋានឧស្សាហកម្មក្នុងស្រុក សម្រាប់ការនាំចេញនិងការចូលរួមតភ្ជាប់សេដ្ឋកិច្ចជាតិទៅនឹងខ្សែច្រវាក់តម្លៃតំបន់និងសកល។
ដោយឈរលើកត្តាឧត្តមភាពប្រកួតប្រជែងមួយចំនួន ជាពិសេសប្រាក់ឈ្នួលនិងថ្លៃផលិតកម្មប្រកួតប្រជែង ប្រព័ន្ធអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្ម និងបរិកាសវិនិយោគអំណោយផលជាដើម ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះតម្លៃបន្ថែមរបស់វិស័យកាត់ដេរមានចំណែកប្រមាណ១១ភាគរយនៃផលិតផលក្នុងស្រុកសរុប។

លោកបន្ថែមថា ការរីកចម្រើននិងការចូលរួមជាសារវន្តរបស់វិស័យកាត់ដេរ នៅក្នុងដំណើរការនៃកិច្ចអភិវឌ្ឍន៍ជាតិ គឺជាសមិទ្ធផលជាក់ស្ដែងនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល តាមរយៈការលើកកម្ពស់បរិយាកាសវិនិយោគ និងការដាក់ចេញគោលនយោបាយគាំទ្រនានា ។
ទោះជាយ៉ាងនេះក្ដី រចនាសម្ព័ន្ធនៃវិស័យកាត់ដេរនៅមិនទាន់មានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៅឡើយ ដោយសារវិស័យកាត់ដេរបន្តស្ថិតនៅជាមជ្ឈមណ្ឌលផលិតកកម្មមានតម្លៃបន្ថែមទាបនៅឡើយ។ កម្រិតសមាហរណកម្មនៃឧស្សាហកម្មគាំទ្រក្នុងខ្សែច្រវាក់ផ្គត់ផ្គង់និងខ្សែច្រវាក់តម្លៃក៏នៅមានកម្រិត។

លោកបន្ថែមទៀតថា វិស័យកាត់ដេរក៏កំពុងបន្តជួបបញ្ហាប្រឈមមួយចំនួន ដែលមានលក្ខណៈជារចនាសម្ព័ន្ធផងដែរ។ ផ្សាភ្ជាប់ទៅនឹងបញ្ហានេះ ក៏មាននិន្នាការនិងការវិវត្តសំខាន់ៗក្នុងវិស័យនេះ គួរឱ្យកត់សម្គាល់ជាពិសេសពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថានឬចីរភាពបរិស្ថាន ដែលទាមទារឱ្យមានការយកចិត្តទុកដាក់បន្ថែមទាំងក្នុងកម្រិតគោលនយោបាយនិងកម្រិតប្រតិបត្តិការ៕







