ដោយៈលក្ខិណា
ភ្នំពេញៈ ចាប់តាំងពីដើមឆ្នាំ២០២២ ក្រោយពេលរដ្ឋាភិបាលកម្ពុជាបានបន្ធូរបន្ថយ លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងបើកទូលាយឱ្យអ្នកដំណើរបរទេសចូលមកកម្ពុជា ចំនួនភ្ញៀវទេសចរបរទេសចូលមកកម្ពុជា បានចាប់ផ្ដើមមានកំណើនខ្ពស់ឡើងវិញ ជាបន្តបន្ទាប់។
យោងតាមស្ថិតិរបស់ក្រសួងទេសចរណ៍កម្ពុជា ចេញផ្សាយនៅថ្ងៃទី២១ មីនា ២០២២នេះ បានបង្ហាញត្រឹមខែមករា ឆ្នាំ២០២២នេះកំណើនភ្ញៀវទេសចរបរទេស ចូលមកកម្ពុជាកើនឡើងដល់ទៅជាង១០០ភាគរយធៀបនឹងខែមករា កាលពីឆ្នាំមុន គ្រាដែលមុនផ្ទុះកូវីដ១៩ក្នុងសហគមន៍២០កុម្ភៈ២០២១ ។
របាយការណ៍ដដែលបង្ហាញថា នៅខែមករាចំនួនភ្ញៀវទេសចរអន្តរជាតិមកដល់កម្ពុជា មានចំនួន៤៤.៧៣៤នាក់ កើនឡើងដល់ទៅ១១៧,៥ភាគរយធៀបនឹងឆ្នាំ២០២១ ដែលមានចំនួនត្រឹមតែ ជាង២ម៉ឺននាក់ប៉ុណ្ណោះ ។ របាយការណ៍ ក៏បានបង្ហាញពីបី៣ខែចុងក្រោយពោលគឺខែតុលា វិច្ឆិកា និងធ្នូ២០២១ ដោយក្នុងនោះខែតុលាមានចំនួនជាង១ម៉ឺន២ពាន់នាក់ ខែវិច្ឆិកាមានចំនួន១ម៉ឺន៨ពាន់នាក់ និងខែធ្នូ មានចំនួន៣ម៉ឺន៣ពាន់នាក់ ហើយបន្តកើនឡើងដល់ជាង៤ម៉ឺន៤ពាន់នាក់នៅក្នុងខែមករា ២០២២ ។
ដោយឡែកងាកទៅមើលកំណើន ភ្ញៀវទេសចរបរទេសចូលមកកម្ពុជាតាមអាកាសដ្ឋានទាំងបី ក៏មានកំណើនខ្ពស់ដែរក្នុងខែមករាឆ្នាំ២០២២នេះ។
តួលេខបង្ហាញថា កំណើនក្នុងខែមករា២០២២ បានកើនឡើង២៣១ភាគរយធៀបនឹងខែមករា ២០២១ ដែលមានចំនួន២៥.៩៥២នាក់ ក្នុងនោះសកម្មភាពរបស់អាកាសយានដ្ឋានទាំងបី ក៏បានកម្រើកឡើងវិញ បន្ទាប់ពីស្ងប់ស្ងាត់អស់មួយរយៈកន្លងមក ។
លោកស៊ីន ចាន់សេរីវុត្ថាអ្នកនាំពាក្យ រដ្ឋលេខាធិការអាកាសចរស៊ីវិលក៏បានឱ្យដឹងថា បន្ទាប់ពីរដ្ឋាភិបាលបើកប្រទេស ជាពិសេសមិនតម្រូវឱ្យធ្វើចត្តាឡីស័ក ។ ម្យ៉ាងទៀតក្រុមហ៊ុនអាកាសចរ ដែលស្នើសុំផ្អាកនាពេលកន្លងមកក៏ឃើញថា ចាប់ផ្ដើមស្នើសុំបើកដំណើរការហោះហើរ ទៅតាមគោលដៅរបស់ខ្លួនឡើងវិញ ជាបន្តបន្ទាប់ផងដែរ ទោះបីជាមានការរាលដាលនៃ កូវីដ១៩ប្រភេទអូមីក្រុងក្ដី។