វត្តមានប្រាក់រៀលរួមចំណែកយ៉ាងសំខាន់ក្នុងការស្តារ និងកសាងអធិបតេយ្យភាព សេដ្ឋកិច្ចនិងសង្គមជាតិ

ដោយៈ សុផារី

ភ្នំពេញៈ នៅក្នុងរយៈពេល៤២ឆ្នាំកន្លងមកនេះ វត្តមានរបស់ប្រាក់រៀល បានរួមចំណែកយ៉ាងសំខាន់នៅក្នុងការស្តារ និងកសាងអធិបតេយ្យភាព សេដ្ឋកិច្ចនិងសង្គមជាតិ តាមរយៈតួនាទីជាខ្នាតតម្លៃមធ្យោបាយទូទាត់និងសន្សំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នេះបើ់តាមប្រសាសន៍លោកស៊ុំ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាដែលបានលើកឡើង ក្នុងកម្មវិធីអបអរសារទរទិវាប្រាក់រៀលខួបលើកទី៤២ឆ្នាំ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២។

លោកបានមានប្រសាសន៍ថា ទន្ទឹមនេះ ប្រាក់រៀលបានឆ្លងកាត់ឧប​សគ្គជាច្រើន មុននឹងក្លាយជារូបិយវត្ថុមួយ ប្រកបដោយទំនុកចិត្តដូចសព្វថ្ងៃ​។ លោកបញ្ជាក់ថា ឧបសគ្គទាំងនេះ រួមមាន ការបាត់បង់ជំនឿទុកចិត្តទាំងស្រុងលើប្រាក់រៀល ក្រោយចេញពីសម័យ ប៉ុល ពត និងអស្ថិរភាពនយោបាយរហូតដល់ចុងឆ្នាំ១៩៩៨ វិបត្តិសេដ្ឋកិច្ចនៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដែលបង្កឱ្យអតិផរណាកើនឡើងខ្លាំង និងប្រាក់រៀលធ្លាក់ថ្លៃ និងការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក យ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយផ្ទាល់នៅក្នុងសេដ្ឋកិច្ចកម្ពុជា នៅដើមទសវត្សរ៍ឆ្នាំ១៩៩០។
លោកបន្តថា “កត្តាទាំងនេះ បានធ្វើឱ្យប្រជាជន ក៏ដូចជា វិស័យឯកជនមានទម្លាប់ប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ដោយផ្ទាល់រហូតមកដល់បច្ចុប្បន្ននេះ”។

ជាមួយគ្នានេះ លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា ការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន បានរួមចំណែកជួយដល់សេដ្ឋកិច្ចជាតិ មោទនភាពជាតិ ហើយកាលណាប្រាក់រៀល ត្រូវបានប្រើប្រាស់ច្រើន នឹងធ្វើឲ្យធនាគារជាតិនៃកម្ពុជា មានលទ្ធភាពធ្វើគោលនយោបាយកាន់តែច្រើន។

លោកស្រីបានបញ្ជាក់ថា បច្ចុប្បន្នលំហូរនៃការប្រើប្រាស់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិក បានកំពុងកើនឡើងគួរឲ្យកត់សំគាល់។ ជាក់ស្ដែងតាមរយៈប្រព័ន្ធបាគងឃើញថា ការទូទាត់ជាប្រាក់រៀលមានកាន់តែច្រើន។

លោកស្រីបានមានប្រសាសន៍ថា “ការប្រើប្រាស់ប្រាក់រៀលក្នុងប្រព័ន្ធអេឡិចត្រូនិក ពិសេសក្នុងប្រព័ន្ធបាគង ដែលធនាគារជាតិនៃកម្ពុជាដាក់ឲ្យប្រើប្រាស់នេះឃើញថា មានការទូទាត់ជាប្រាក់រៀលកាន់តែច្រើនឡើង”។ លោកស្រីបន្តថា “ប៉ុន្ដែបើនិយាយពីភាគរយនៅតិចជាប្រាក់ដុល្លារ ប៉ុន្ដែកំណើនកើនឡើងខ្ពស់ ហើយខ្ញុំសង្ឃឹមថា ការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធបាគង និងប្រព័ន្ធទូទាតអេឡិចត្រូនិកដទៃទៀត នឹងធ្វើឲ្យការទូទាត់ប្រាក់រៀលកាន់​តែងាយស្រួល និងមានកំណើនច្រើន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here