ភ្នំពេញ៖ លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ឲ្យដឹងថា រហូតមកដល់ពេលនេះ មានក្រុមហ៊ុនអន្ដរជាតិធំៗចំនួន៥ បានមកចុះបញ្ជីនៅកម្ពុជា ដើម្បីអនុវត្តអាករលើតម្លៃបន្ថែម (VAT) ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ចាប់ពីខែមេសា ឆ្នាំ២០២២ខាងមុខនេះ។


អគ្គនាយកដ្ឋានពន្ធដារ សង្កេតឃើញថា មានក្រុមហ៊ុនបរទេសសហគ្រាសចំនួន៥ហើយ ដែលបានមកចុះបញ្ជី ដែលក្នុងនោះរួមមាន (១) MICROSOFT REGIONAL SALES PTE.LTD (២) ZOHO CORPORATION PTE.LTD (៣) TATA CONSULTANCY SERVICE LIMITED (៤) MASTERCARD ASIA/PACIFIC PTE.LTD (៥) TIKTOK PTE.LTD។

លោក គង់ វិបុល បានឲ្យដឹងទៀតថា រដ្ឋាភិបាលបានពន្យារការអនុវត្ដនៃការដាក់ឲ្យប្រើប្រាស់ពន្ធ E-commerce ដល់ខែមេសា ខណៈអគ្គនាយកដ្ឋានពន្ធដារក៏បានត្រៀម និងកំពុងតែរៀបចំនូវកម្មវិធី នៃផ្នែកប្រព័ន្ធបច្ចេកវិទ្យា ដើម្បីទទួលនូវប្រតិបត្តិការទាំងនេះផងដែរ។ ការអនុវត្តន៍អាករលើតម្លៃបន្ថែម (VAT) ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ មិនមានការពន្យារពេលទៀតទេ។

លោក គង់ វិបុល បានបញ្ជាក់ថា “បានពន្យារការអនុវត្ដ នៃការដាក់ឱ្យប្រើប្រាស់ពន្ធ E-commerce រហូតដល់ដើមខែមេសា ឆ្នាំ២០២២ ដើម្បីឲ្យខាងវិស័យឯកជនមកចុះបញ្ជី ក៏ដូចជាត្រៀមលក្ខណៈឱក្យបានរួចជាស្រេចមុននឹងចាប់ផ្ដើម ដើម្បីឲ្យមានភាពរលូន”។

លោកបានឱ្យដឹងដែរថា ចំពោះអ្នកជាប់ពន្ធនៅក្នុងស្រុក ដែលលក់តាមប្រព័ន្ធអនឡាញមេត្តាមកចុះបញ្ជី ហើយបង់ពន្ធជាធម្មតា។ ដោយឡែកចំពោះអ្នកវិនិយោគក្រៅស្រុក ត្រូវមកចុះបញ្ជីសាមញ្ញ តាមប្រព័ន្ធអេឡិចត្រូនិក ឬក៏ចុះបញ្ជីតាមភ្នាក់ងារពន្ធដារ។

ការអនុវត្តអាករលើតម្លៃបន្ថែម (VAT) ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋ តែងតែភ័ន្ដច្រឡំថា ជាការបង្កើតពន្ធថ្មី ហើយមន្រ្ដីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ក៏ធ្លាប់បញ្ជាក់ចំពោះការយល់ច្រឡំនេះថា ការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មិនមែនជាការបង្កើតពន្ធថ្មីនោះទេ៕







