ដោយៈសុផារី
ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងដាក់ឱ្យអនុវត្តជាផ្លូវការនូវ “យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧” ក្នុងការអភិវឌ្ឍវិស័យនេះឱ្យទៅជាឧស្សាហកម្ម ដែលមានចីរភាពបរិស្ថានមានភាពធន់ មានតម្លៃបន្ថែមខ្ពស់ផ្ដោតលើផលិតផលថ្លៃខ្ពស់ និងមានលក្ខណៈពិសេស មានភាពប្រកួតប្រជែងខ្ពស់ និងជាមូលដ្ឋានគាំទ្រពិពិធកម្មសេដ្ឋកិច្ច។
កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១០:០០ព្រឹក ក្រោមអធិបតីភាពលោកអូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ “យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧” សំដៅកំណត់នូវចក្ខុវិស័យរួម គោលបំណង គោលដៅ និងវិធានការជាយុទ្ធសាស្ត្រ ដើម្បីបន្តពង្រឹងនិងលើកកម្ពស់ការអភិវឌ្ឍវិស័យនេះ ស្របតាមបរិការណ៍កម្ពុជា ដែលស្ថិតក្នុងស្ថានភាពទ្វេរទិស មានទាំងបញ្ហាប្រឈម និងកាលានុវត្តភាព ព្រមទាំងឆ្លើយតប ទៅនឹងការប្រែប្រួលយ៉ាងឆាប់រហ័ស នៃនិម្មាបនកម្មតំបន់និងពិភពលោក។

សេចក្តីប្រកាសព័ត៌មាននេះ បញ្ជាក់ទៀតថា ចក្ខុវិស័យនៃយុទ្ធសាស្ត្រគឺការអភិវឌ្ឍវិស័យនេះ ឱ្យទៅជាឧស្សាហកម្ម ដែលមានចីរភាពបរិស្ថានមានភាពធន់ មានតម្លៃបន្ថែមខ្ពស់ផ្ដោតលើផលិតផលថ្លៃខ្ពស់ និងមានលក្ខណៈពិសេស មានភាពប្រកួតប្រជែងខ្ពស់ និងជាមូលដ្ឋានគាំទ្រពិពិធកម្មសេដ្ឋកិច្ច៕







