កម្ពុជា និងចិន ចុះMOUលើកិច្ចសហប្រតិបត្តិការក្នុងវិស័យគ្រប់គ្រង មុខងារសាធារណៈនៃប្រទេសទាំងពីរ

 ដោយៈលក្ខិណា

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា ចិន បានសម្រេចចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU) លើកិច្ចសហប្រតិបត្តិការក្នុងវិស័យគ្រប់គ្រងមុខងារសាធារណៈ តាមប្រព័ន្ធអនឡាញ រវាងក្រសួងមុខងារសាធារណៈនៃកម្ពុជា និងរដ្ឋបាលមុខងារសាធារណៈជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ។

នៅក្នុងពិធីចុះហត្ថលេខាកាលពីថ្ងៃទី១៦ មីនា២០២២ លោក ឧបនា យករដ្ឋមន្រ្តីអូន ព័ន្ឋមុនីរ័ត្ន​បានមានប្រសាសន៍ថា ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ  ពិតជាមានសារ:សំខាន់សម្រាប់ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យមុខងារសាធារណ: កម្ពុជា-ចិន ដើម្បីពង្រឹង និងរក្សាឲ្យបាននូវមុខងារសាធារណ: ប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល និងផ្តោតប្រជាជនជាស្នូល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ពិធីចុះហត្ថលេខានាពេលនេះ បានឆ្លុះបញ្ចាំងពីគិតគូរច្បាស់លាស់ និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរនាពេលកន្លងមក តាមរយ:មិត្តភាពស្អិតរមួត សាមគ្គីភាព និងភាពរឹងមាំនៃទំនាក់ទំនងទ្វេភាគី កម្ពុជា-ចិន ដែលបានរួមចំណែកក្នុងការជំរុញ និងទំនាក់ទំនងស៊ីជម្រៅរវាងប្រទេសទាំងពីរ ដោយប្រែក្លាយពីភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយមកជាមិត្តភាពដែកថែប និងសហគមន៍វាសនារួម កម្ពុជា-ចិន សំដៅអភិវឌ្ឍន៍លើគ្រប់វិស័យ ដើម្បីជំរុញការលើកកម្ពស់ជីវភាព និងសុខមាលភាពប្រជាជននៃប្រទេសទាំងពីរ ក្នុងកាល:ទេស:នៃការរីករាលដាលនៃជំងឺកូវីឌ-១៩”។

លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះលោក ជីន ស៊ី (CHEN Xi) និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នាពេលកន្លងមកផងដែរ ដែលមានទី ១ ដើរតួជាបង្អែកយុទ្ធសាស្រ្តក្នុងការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ ទី២ ផ្តល់នូវជំនួយឧបត្ថម្ភផ្សេងៗក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធនឹងជំងឺកូវីដ-១៩។

ទី៣ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន ដែលបើកច្រកកាន់តែទូលាយសម្រាប់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងទីផ្សារសម្រាប់កសិផលកម្ពុជា  និងព្រមទាំង ទី៤ បានបន្តផ្តល់នូវហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេសសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា ទោះជាស្ថិតក្នុងកាលៈទេសៈដ៏លំបាក នៃការប្រឈមនឹងការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ ។

លោក ចិន ស៊ី (CHEN Xi) សមាជិកការិយាល័យនយោបាយ និងជាប្រធានគណៈចាត់តាំងមជ្ឈឹមបក្សកុម្មុយនីស្ត ចិនបានថ្លែងអំណរគុណ និងឯកភាពទាំងស្រុង ចំពោះការលើកឡើងរបស់លោក អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អំពីទំនាក់ទំនងដ៏រឹងមាំរវាង កម្ពុជា-ចិន និងប្តេជ្ញាបន្តជាសកម្ម និងភាគីចិនក៏នឹងត្រៀមខ្លួនជានិច្ច ដើម្បីបន្តសហការជាមួយកម្ពុជា ទាំងក្នុងក្របខ័ណ្ឌតំបន់ និងនៅលើឆាកអន្តរជាតិ ក្នុងការរួមចំណែកពង្រឹងទំនាក់ទំនងទ្វេភាគី កម្ពុជា-ចិន ឱ្យកាន់តែល្អប្រសើរថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here