ដោយៈ សុផារី
ភ្នំពេញៈ ក្រសួងមហាផ្ទៃ សហការជាមួយរដ្ឋបាលសាលាខេត្តសៀមរាប សាលារាជធានីភ្នំពេញ និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបង្កើតគម្រោងធំមួយ ដើម្បីបង្កើនលទ្ធភាពរបស់គ្រួសារក្រីក្រ និងជនងាយរងគ្រោះ ក្នុងសហគមន៍នៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។

គម្រោងនេះមានឈ្មោះថា “គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ” (លាភ) សម្របសម្រួល និងអនុវត្តន៍ ដោយក្រសួងទាំងពីរ និងជាមួយរដ្ឋបាលសាលាខេត្តក្រុងទាំងពីរ ក្នុងគោលបំណង ដើម្បីបង្កើនលទ្ធភាពរបស់គ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងសហគមន៍ ក្នុងការទទួលបាននូវសេវាហិរញ្ញវត្ថុ សម្រាប់ឱកាសបង្កើតប្រាក់ចំណូល និងហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច ព្រមទាំងដើម្បីផ្ដល់ការឆ្លើយតបភ្លាមៗ និងមានប្រសិទ្ធភាពក្នុងករណីមានវិបត្តិឬគ្រោះអាសន្ន។

គម្រោងនេះ មានគោលបំណងដោះស្រាយ តម្រូវការរបស់គ្រួសារជនងាយរងគ្រោះនៅក្នុង៤៧ឃុំ សង្កាត់នៃស្រុក-ក្រុងទាំង៩នៅខេត្តសៀមរាប និងនៅរាជធានីភ្នំពេញចំនួន១៣សង្កាត់នៃខណ្ឌចំនួន១៣។

គម្រោងនេះ នឹងសម្រេចបានតាមរយៈកិច្ចការចំនួន៤ សំខាន់ៗគឺ (ក) ការបង្កើតក្រុមជួយខ្លួនឯង (SHGs) ក្រុមសន្សំប្រាក់ និងឥណទានក្រុមអ្នកផលិត (PG) សហគមន៍កសិកម្ម និងក្រុមមនុស្សផ្សេងៗ រួមទាំងអង្គការក្រៅរដ្ឋាភិបាល (ខ) ការផ្តល់ការកសាងសមត្ថភាព និងការបណ្តុះបណ្តាលដល់អ្នកទទួលផល ដើម្បីលើកកម្ពស់ឱកាសក្នុងការរកប្រាក់ចំណូល (គ) តំណភ្ជាប់វិស័យ ឯកជនដើម្បីលើកកម្ពស់ និងពង្រីកឱកាសទីផ្សារ (ឃ) ការកំណត់អត្តសញ្ញាណ ក្នុងការផ្តល់ហេដ្ឋារចនាសម្ព័ន្ធសហគមន៍ និងសេដ្ឋកិច្ចតាមរយៈសហគមន៍ ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅ និងផលិតភាពសេដ្ឋកិច្ចរបស់ប្រជាជនក្រីក្រ៕








