ពាណិជ្ជកម្មថៃដើមឆ្នាំនេះមានការកើនឡើងខ្ពស់ ដោយសម្រេចបាន ទឹកប្រាក់ជាង ៤ពាន់លានដុល្លាអាមេរិក

ដោយៈ សុផារី

កម្ពុជាៈ ទំហំពាណិជ្ជកម្មសរុបរបស់ប្រទេសថៃ ជាមួយប្រទេសកម្ពុជាកាលពីក្នុងខែមករា ដែលរួមទាំងពាណិជ្ជកម្មឆ្លងព្រំដែនផងនោះ មានចំនួន១៧,៧៦ពាន់លានបាត ឬប្រហែល៥៣០លានដុល្លារអាមេរិក ដោយកើនឡើងចំនួន១៧,៩៤ភាគរយ។

ពាណិជ្ជកម្មសរុបរបស់ប្រទេសថៃ ជាមួយបណ្តាប្រទេសជិតខាងដទៃទៀត កាលពីក្នុងខែមករា ដែលរួមទាំងពាណិជ្ជកម្មឆ្លងព្រំដែនផងនោះ មានចំនួន ១៤១,០៧ពាន់លានបាត ប្រហែល៤,២២ពាន់លានដុល្លារអាមេរិក ដោយកើនឡើងចំនួន៩,៤៩ភាគរយ។

ក្រសួងពាណិជ្ជកម្មថៃបានរាយការណ៍ កាលពីថ្ងៃទី១៥ ខែមីនាថា ពាណិជ្ជកម្ម កាលពីក្នុងខែមករារបស់ប្រទេសថៃ ជាមួយប្រទេសម៉ាឡេស៊ីមានចំនួន ៣០,៥៤ពាន់លានបាត (កើនឡើង ១៤,២៦ភាគរយ) ជាមួយប្រទេសកម្ពុជា មានចំនួន១៧,៧៦ពាន់លានបាត (កើនឡើង ១៧,៩៤ភាគរយ) ជាមួយប្រទេសឡាវមានចំនួន ២៣,៤៥ពាន់លានបាត (កើនឡើង៣៩,៨៦ភាគរយ)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយប្រទេសមីយ៉ាន់ម៉ា មានចំនួន១៨,៦០ពាន់លានបាត (កើនឡើង ៣៦,២៦ភាគរយ) ជាមួយប្រទេសសិង្ហបុរីមានចំនួន១០,២៧ពាន់លានបាត (កើនឡើង២៦,០៥ភាគរយ) ជាមួយប្រទេសវៀតណាមមានចំនួន៨,០៦ពាន់លានបាត (កើនឡើង៣៦,១៩ភាគរយ) និងជាមួយប្រទេសចិនមានចំនួន១៦,៩៨ពាន់លានបាត (ធ្លាក់ចុះ២៤,៣៤ភាគរយ)។

ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Jurin Laksanawisit បាននិយាយថា លោកបានស្នើឱ្យក្រសួងកសិកម្ម និងក្រសួងការបរទេស តាមដានការនាំចេញផ្លែឈើ ទៅកាន់ប្រទេសចិន ដែលជាទីផ្សារដ៏ធំសម្រាប់ផ្លែឈើថៃ ប៉ុន្តែគោលនយោបាយនៃជំងឺកូវីដកម្រិតសូន្យរបស់ចិន មានភាពតឹងរ៉ឹងយ៉ាងខ្លាំង ជាពិសេសនៅក្នុងលក្ខខណ្ឌនៃការដឹកជញ្ជូនតាមផ្លូវគោក។

លោកបាននិយាយថា “ក្រៅពីការអនុវត្តវិធានការតឹងរ៉ឹងមុន នឹងបិទការដឹកជញ្ជូនកុងតឺន័រ ប្រទេសថៃក៏បានស្នើសុំផ្លូវពិសេសមួយ ដែលត្រូវបា​នបង្កើតឡើង ដើម្បីដឹកជញ្ជូនផ្លែឈើរបស់ខ្លួន ទៅកាន់ប្រទេសចិនផងដែរ។ ក្រសួងកសិកម្ម និងសហករណ៍ នឹងទទួលខុសត្រូវចំពោះបញ្ហានេះ”។

ក្រសួងពាណិជ្ជកម្ម នឹងពន្លឿនការបើកច្រកព្រំដែនឡើងវិញ ហើយនឹងចរចា ដើម្បីបើកផ្លូវថ្មីសម្រាប់ពាណិជ្ជកម្ម ដោយក្រសួងនេះបាននិយាយបន្ថែមថា ផ្លូវដែករវាងចិន- ឡាវ នឹងត្រូវបានប្រើប្រាស់ជាផ្លូវមួយផ្សេងទៀតសម្រាប់ការនាំចេញរបស់ប្រទេសថៃនាពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here