ដោយ: ម៉ាលីស
ភ្នំពេញ: ទាំងការវិនិយោគ ការនាំចេញ និងផលិតផលក្នុងស្រុកសរុប នៅកម្ពុជាសុទ្ធតែមានកំណើន ចាប់តាំងពីការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP ឬ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ នេះបើតាមមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍បែបនេះ ក្នុងពេលអញ្ជើញជាអធិបតី អំឡុងអង្គសិក្ខាសាលាស្តីពី “ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់៖ ផលបច្ច័យ បញ្ហាប្រឈម និងកំណើនសេដ្ឋកិច្ច នាពេលអនាគតសម្រាប់តំបន់អាស៊ីបូព៌ា និងអាស៊ាន” កាលពីថ្ងៃទី១៤ មីនា ២០២២។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ មានការចូលរួម មកពីតំណាងមកពីក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ឯកអគ្គរាជទូត-រដ្ឋទូត និងតំណាងស្ថានទូតនៃប្រទេសពាក់ព័ន្ធ វាគ្មិនជាតិ-អន្តរជាតិ អង្គការអន្តរជាតិ អ្នកស្រាវជ្រាវ វិស័យឯកជន ព្រមទាំងមន្រ្តីក្រសួងពាណិជ្ជកម្ម សរុបប្រមាណជិត ២០០ នាក់។

លោករដ្ឋមន្រ្តីបានលើកឡើងថា “កិច្ចព្រមព្រៀងRCEPនេះ មានសារសំខាន់យ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ច និងបរិវត្តកម្មផ្នែករចនាសម្ព័ន្ធរបស់កម្ពុជានៅក្នុងនិម្មាបនកម្មសេដ្ឋកិច្ចតំបន់ និងសកល”។ លោកបន្តថា “លើសពីនេះ កិច្ចព្រមព្រៀងនេះ នឹងបង្កើតទីផ្សារបន្ថែមទៀតសម្រាប់មនុស្ស២,២ពាន់លាននាក់ ដែលមានផលិតផលក្នុងស្រុកសរុបប្រមាណ ២៦,២ ទ្រីលានដុល្លារអាមេរិក ឬ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងមានចំណែកប្រមាណ២៨% នៃទំហំពាណិជ្ជកម្មពិភពលោក និង៣២.៥% នៃការវិនិយោគសកល”។
លោករដ្ឋមន្រ្តីប៉ាន សូរស័ក្តិបានបញ្ជាក់ថា យោងតាមការសិក្សារបស់វិទ្យាស្ថានERIA បានបង្ហាញថា ការនាំចេញរបស់កម្ពុជានឹងកើនឡើង៧.៣ភាគរយ ការវិនិយោគនឹងកើនឡើង២៣.៤% និងផលិតផលក្នុងស្រុកសរុបនឹងកើនឡើង២% នៅពេលកម្ពុជាអនុវត្តកិច្ចព្រមព្រៀងនេះ ក្រោយការចូលជាធរមានកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ កន្លងទៅ។

លោកសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះ នឹងរួមចំណែកយ៉ាងចាំបាច់ដល់ការស្តារសេដ្ឋកិច្ចឡើងវិញរបស់កម្ពុជា និងប្រទេសសមាជិកពាក់ព័ន្ធ ក្នុងនិងក្រោយវិបត្តិកូវីដ-១៩ ព្រមទាំងជះឥទ្ធិពលវិជ្ជមានផ្សេងទៀតដល់ការអភិវឌ្ឍ តាមយៈការបង្កើតការងារ ការជំរុញការវិនិយោគ ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ការទទួលបានផលប្រយោជន៍ ប្រកបដោយបរិយាប័ន្នខ្ពស់។

ក្រៅពីនេះ កិច្ចព្រមព្រៀងអាសិប បង្កើតជាក្របខណ្ឌគតិយុត្តទំនើបថ្មី ដែលជំរុញការធ្វើកំណែទម្រង់ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ច្បាប់-គតិយុត្ត និងស្ថាប័ន ដើម្បីធានាស្តង់ដារខ្ពស់របស់កម្ពុជានាពេលខាងមុខ ស្របពេលដែលកម្ពុជា អាចនឹងចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៨ និងគ្រោងប្រែក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ប្រកបដោយប្រសិទ្ធភាព៕







