ដោយ៖ សុខុម
អាស៊ី: នៅថ្ងៃអង្គារ ទី១៥ មីនានេះ ទីផ្សារភាគហ៊ុនអាស៊ីបានដាំក្បាលចុះខ្លាំងបំផុតជាលើកដំបូងក្នុងពេល៣ឆ្នាំចុងក្រោយនេះ ដែលអាចនឹងកើតមាននៅសប្ដាហ៍នេះ។
ការធ្លាក់ចុះមិនធ្លាប់មាននេះបណ្តាលមកពីកំណើនយ៉ាងគំហុកនៃករណីកូវីដ-១៩នៅប្រទេសចិន ដែលបានធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់ក្រុមវិនិយោគិន ដែលមានការព្រួយបារម្ភរួចទៅហើយចំពោះសង្គ្រាមអ៊ុយក្រែន និងការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិក។

សន្ទស្សន៍ផ្សារភាគហ៊ុន MSCI ដែលធំជាងគេបំផុតនៅអាស៊ី-ប៉ាស៊ីហ្វិក ក្រៅពីប្រទេសជប៉ុនបានធ្លាក់ចុះ១,៩១% ដោយភាគហ៊ុនចិនធ្លាក់ចុះច្រើនជាងគេ។ សន្ទស្សន៍ផ្សារភាគហ៊ុននេះបានដាំក្បាលចុះ៨,២%ហើយគិតមកត្រឹមខែនេះ។
ទោះជាមានក្ដីសង្ឃឹមថាប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែននឹងចាប់ផ្ដើមការចរចាជាថ្មីនៅថ្ងៃអង្គារនេះដែលអាចឈានទៅដល់ការបញ្ចប់សង្គ្រាមនេះក្តី
ការចរចាជុំទី៤បានចាប់ផ្ដើមកាលពីថ្ងៃច័ន្ទ ដោយគ្មានវឌ្ឍនភាពដុំកំភួនឡើយ ដែលធ្វើឱ្យទីផ្សារភាគហ៊ុនកាន់តែជ្រួលច្របល់។
អំឡុងវគ្គជួញដូរនៅអាស៊ី ប្រេងឆៅរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ២,៥៤%បន្ថែមទៀតមកនៅត្រឹម១០០,៤៤ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅនៅទីផ្សារអង់គ្លេសបានធ្លាក់ចុះ២,២៧%មកនៅត្រឹម១០៤,៤២ដុល្លារក្នុងមួយបារ៉ែល។

នៅក្នុងការជួញដូរនៅសហរដ្ឋអាមេរិក តម្លៃប្រេងបានធ្លាក់ចុះដល់ទៅ៥,៨% ខណៈការរំពឹងចំពោះលទ្ធផលវិជ្ជមានក្នុងកិច្ចចរចាជុំវិញសង្គ្រាមនៅអ៊ុយក្រែនបានសម្រាលការព្រួយបារម្ភចំពោះការរាំងស្ទះខ្លាំងដល់ការផ្គត់ផ្គង់។
ទោះជាយ៉ាងណា ករណីឆ្លងវីរុសកូវីដ-១៩ នៅប្រទេសចិន បានកើនឡើងយ៉ាងគំហុកដែលធ្វើឱ្យក្រុមវិនិយោគិនបារម្ភថាវានឹងជះផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន នៅក្នុងត្រីមាសទី១នេះ។
សន្ទស្សន៍ផ្សារភាគហ៊ុងហុងកុង Hang Seng បានធ្លាក់ចុះ៣,៨%នៅព្រឹកថ្ងៃអង្គារនេះ ហើយមកទល់នឹងខែមីនា នេះគឺបានធ្លាក់១៧%ហើយ។ ទន្ទឹមនេះ សន្ទស្សន៍ផ្សារភាគហ៊ុនប្រទេសចិន CSI300 បានធ្លាក់ចុះ២,៣%។
យោងតាមគណៈកម្មាធិការជាតិសុខាភិបាលនៃប្រទេសចិន ឱ្យដឹងថា ក្នុងប្រទេសចិន នៅថ្ងៃអង្គារនេះមានករណីឆ្លងថ្មីចំនួន៣.៦០២ករណី បើធៀបនឹងករណីឆ្លងថ្មីចំនួន១.៤៣៧ករណីកាលពីថ្ងៃច័ន្ទម្សិលមិញ។
ក្រុមវិនិយោគិនក៏ផ្ដោតយកចិត្តទុកដាក់ជាសំខាន់លើធនាគារកណ្តាលអាមេរិក (Federal Reserve) ផងដែរដែលនឹងកោះប្រជុំនៅថ្ងៃពុធស្អែកនេះ ហើយគេរំពឹងថាធនាគារនេះនឹងដំឡើងអត្រាការប្រាក់ជាលើកដំបូងក្នុងរយៈពេល៣ឆ្នាំមកនេះដើម្បីទូទាត់ប៉ះប៉ូវអតិផរណាដែលកំពុងកើនឡើង។
ទីផ្សារភាគហ៊ុនអូស្ត្រាលី បានធ្លាក់ចុះ០,៥% ខណៈដែលសន្ទស្សន៍ផ្សារភាគហ៊ុនជប៉ុន Nikkei បានហក់លើង០,១៧%។
ងាកមកសហរដ្ឋអាមេរិក វិញ ទីផ្សារភាគហ៊ុន Dow Jones Industrial Average ហាក់នៅទ្រឹង ខណៈទីផ្សារភាគហ៊ុន S&P 500 បានធ្លាក់ចុះ០,៧៤% ចំណែកឯទីផ្សារភាគហ៊ុន Nasdaq Composite ធ្លាក់ចុះ២,០៤%៕







