ដោយ៖ សុផារី
ភ្នំពេញ៖ រយៈពេល២ខែដំបូង ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធសម្រាប់ថវិកាជាតិបានចំនួន២ ០៧៤,៦៦ពាន់លានរៀល ស្មើនឹងប្រមាណជា៥១២,២៦លានដុល្លារ កើនឡើង២២,៦៩% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។
បើតាមអគ្គនាយកដ្ឋានពន្ធដារ ក្នុងខែកុម្ភៈឆ្នាំ២០២២ ចំណូលពីប្រភេទពន្ធសំខាន់ៗ៥ប្រភេទ បានបន្តរក្សាកំណើនឡើងគួរឱ្យកត់សម្គាល់ធៀបនឹងខែកុម្ភៈ ឆ្នាំ២០២១។

ក្នុងនោះ ពន្ធលើប្រាក់ចំណូលមានចំនួន១៩០,១៥ពាន់លានរៀល (កើនឡើងនឹង១៤,១៨%) អាករលើតម្លៃបន្ថែមមានចំនួន២៥២,៧៨ពាន់លានរៀល(កើនឡើងស្មើនឹង៥,៥២%) អាករពិសេសមានចំនួន១០៥,៦៧ពាន់លានរៀល (កើនឡើងស្មើនឹង១៧,១៩%) ពន្ធលើប្រាក់បៀវត្សមានចំនួន ៩៨,៤២ពាន់លានរៀល (កើនឡើង២៣,១៧%) និង ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យចំនួន៦៣,២៣ពាន់លានរៀល (កើនឡើងស្មើនឹង១៦,៩៨%)។

លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ បានថា កន្លងមកមានសហគ្រាសមួយចំនួនតូច មិនបានចុះបញ្ជីឱ្យបានត្រឹមត្រូវ និងរហូតបង្កើតជាផែនការគេចវេះពន្ធ (Tax Evasion Scheme) រៀបចំកិច្ចសន្យានិងវិក្កយបត្រក្លែងក្លាយ ក្នុងគោលដៅកាត់បន្ថយការបង់ពន្ធ អាចនឹងក្លាយជាគោលដៅនៃការស៊ើបអង្កេត ចំពោះបទល្មើសព្រហ្មទណ្ឌ និងករណីធ្ងន់ធ្ងរអាចឈានដល់បទល្មើស សម្អាតប្រាក់។

នាយកដ្ឋានស៊ើបអង្កេតបទល្មើសពន្ធដារ ស្នើឱ្យអ្នកជាប់ពន្ធទាំងអស់ចូលរួមបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន ដើម្បីជៀសផុតពីការទទួលរងទោសទណ្ឌណាមួយជាយថាហេតុ៕







