មន្រ្តី និងអ្នកជំនាញសេដ្ឋកិច្ចរំពឹងពីលំហូរពាណិជ្ជកម្ម និងអាកាសចរណ៍នឹងដំណើរការឡើងវិញ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងអ្នកជំនាញសេដ្ឋកិច្ចបានសម្តែងសុទិដ្ឋិយមថា ដំណើរទស្សនកិច្ចរបស់នាយ ករដ្ឋមន្រ្តីជប៉ុន នឹងមានសញ្ញាណល្អសម្រាប់សេដ្ឋកិច្ច និងទេសចរណ៍រវាងប្រទេសទាំងពីរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យ​ និងជាអនុរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ឲ្យដឹងតាមបណ្តា ញតេឡេក្រាមកាលពីថ្ងៃម្សិលម៉ិញនេះថា ក្រសួងការបរទេស និងអន្តរក្រសួងរួមជាមួយ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល កំពុងប្រមូលធាតុចូលសំខាន់ៗ សម្រាប់ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីជប៉ុន មកកម្ពុជានាពេលខាងមុខនេះ។

លោកបន្តថា “ដំណើរទស្សនកិច្ចនេះ នឹងជាសញ្ញាល្អសំរាប់សេដ្ឋកិច្ចកម្ពុជា និងវិស័យទេសចរណ៍ និងសង្ឃឹមថានឹងមានការហោះហើររបស់អាកា​សចរណ៍ជប៉ុនឡើងវិញផងដែរ”។

ជាមួយគ្នានេះ លោកបណ្ឌិតហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានមានប្រសាសន៍៍ឲ្យដឹងផងដែរថា ដំណើរទស្សនកិច្ច​របស់នាយករដ្ឋមន្រ្តីជប៉ុន ដែលនឹងអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី២០ ដល់២១មិនាខាងមុខនេះ មានសារៈសំខាន់ណាស់លើច្រើនទិដ្ឋ​ភាព ដោយទី១ ជាការរឹតចំណងផ្នែកកាទូតកម្ពុជា ជប៉ុនកាន់តែល្អប្រសើរ ដែលកម្ពុជាធ្លាប់មានជាមួយគ្នាជាយូរមកហើយ ទី២ មានផលប្រយោជន៍នៅក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងគ្នា និងគ្នា ដែលយើងដឹងស្រាប់ហើយ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើង ក្នុងរង្វង់១០ភាគរយ។

លោកបន្តថា “ខ្ញុំគិតថាមេដឹកនាំទាំងពីរនឹងពិភាក្សាគ្នា ដើម្បីជម្រុញពាណិជ្ជកម្មទេសចរណ៍ ឲ្យកាន់តែមានការកើនឡើងបន្ថែមទៀត ពិសេសភាគីកម្ពុជាអាចលើកឡើងពី RCEP ក៏ដូចជា ជម្រុញឲ្យកិច្ចព្រមព្រៀងនេះក្លា យជាការពិតផង និងលទ្ឋភាពជំរុញឲ្យមានការនាំចេញកសិផលពីកម្ពុជា”។​

លោកបណ្ឌិតហុង វណ្ណៈបានបន្តថា ចំណែកទី៣ ភាគីជប៉ុននឹងជម្រុញ ឬបង្កើននូវការវិនិយោគជប៉ុន ឲ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើនផងដែរ ដែលនៅកម្ពុជាមានក្រុមហ៊ុនផ្សារទំនើប AEON បានវិនិយោគប្រកប​ដោយជោគជ័យ និងមានការផលិតម៉ូទ័រខ្នាតតូច នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងនៅតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតផងដែរ។

លោកបន្តថា “ជារូមភាគីកម្ពុជា នឹងទទួលបានផលប្រយោជន៍ច្រើនពីជប៉ុន និងការនាំចេញកសិផល ស្របពេលក្រុមហ៊ុនជប៉ុនក៏បានវិនិយោគដាំស្វាយចន្ទីរ នៅខេត្តក្រចេះ កំពង់ធំជាដើម”៕

LEAVE A REPLY

Please enter your comment!
Please enter your name here