លោក ថោង ខុន៖ កំណើនភ្ញៀវទេសចរផ្ទៃក្នុងកើនឡើងក្នុងអត្រាខ្ពស់និងរហ័ស នៅចុងសប្ដាហ៍ទី២ខែមីនា

ដោយ៖ សុផារី

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចរន្តភ្ញៀវទេសចរនាចុងសប្តាហ៍កន្លងមក បន្តមានសន្ទុះវិជ្ជមានគួរកត់សម្គាល់។ ជាក់ស្តែង តួលេខខាងលើបន្តកើនឡើងប្រមាណ២៧,៣០% ធៀបនឹងចុងសប្តាហ៍កន្លងមក ដែលជាអត្រាកំណើនមួយខ្ពស់ និងកើនឡើងរហ័ស។

លោករដ្ឋមន្ត្រី ថោង ខុន ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ បានឱ្យដឹងថា នាថ្ងៃចុងសប្ដាហ៍ថ្ងៃទី១២-១៣ ខែមីនា ឆ្នាំ២០២២ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវសរុបមានចំនួន២៥៣.៨៧៦នាក់ ក្នុងនោះភ្ញៀវជាតិ២៤២.១៨៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១១.៦៨៨នាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន ខេត្តព្រះសីហនុ៣៧ ១១០នាក់ ខេត្តពោធិ៍សាត់២៨ ៧២៤នាក់ រាជធានីភ្នំពេញ២៨ ៤១៩នាក់ ខេត្តសៀមរាប២៧ ៥៤៣នាក់ ខេត្តបាត់ដំបង២៣ ៩៩០នាក់ ខេត្តកំពត២៦ ១៣៦នាក់ ខេត្តកំពង់ស្ពឺ១២ ៥០៩នាក់ ខេត្តកែប១១ ៤៤៣នាក់។

លោកបានបន្តទៀតថា ចំនួនភ្ញៀវទេសចរប្រមាណ២៥ម៉ឺននាក់ក្នុងសប្តាហ៍នេះ គឺចាប់ផ្តើមមានចំនួនប្រហាក់ប្រហែលនឹងស្ថានភាពធម្មតាមុនពេលការកម្រើកឡើងនៃជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងនាដើមខែកុម្ភៈ ឆ្នាំ២០២២នេះ។

បើតាមលោក ថោង ខុន ចំនួននិងអត្រាកំណើនខាងលើ បានស្តែងឲ្យឃើញថា ការគ្រប់គ្រងជំងឺកូវីដកូវីដ-១៩បានល្អ ពិសេសការថយចុះនៃអត្រាឆ្លងប្រចាំថ្ងៃ បានបង្កើតទំនុកចិត្ត (Trust and Confidence) និងបានជំរុញឱ្យមានចរន្តភ្ញៀវដើរកម្សាន្ត ខណៈដែលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាពេលខាងមុខ គឺជាឱកាសដើរកម្សាន្តដ៏ធំសម្រាប់ភ្ញៀវទេសចរ និងចរន្តសេដ្ឋកិច្ចសម្រាប់ប្រតិបត្តិករទេសចរណ៍ និងវិស័យឯកជន៕

LEAVE A REPLY

Please enter your comment!
Please enter your name here