រដ្ឋាភិបាលកែប្រែរយៈពេលនៃការកំណត់ថ្លៃប្រេងឥន្ធនៈលើទីផ្សារកម្ពុជា

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ តម្លៃប្រេងឥន្ធនៈលក់រាយលើទីផ្សារកម្ពុជាតាមស្ថានីយ៍នានា ត្រូវបានកំណត់ដោយអន្តរក្រសួងរួមមានក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងក្រសួងរ៉ែ និងថាមពល ក្នុងរយៈពេល១៥ថ្ងៃ។

 

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយសារតែបញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ធ្វើឱ្យតម្លៃប្រេងអន្តរជាតិមានការប្រែប្រួលលឿនខ្លាំងក្រសួងនឹងកែប្រែរយៈនៃការកំណត់តម្លៃប្រេងពី១៥ថ្ងៃមកនៅ១០ថ្ងៃវិញ។

 

លោកប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍នៅក្នុងសន្និសីទមួយនៅសណ្ឋាគារHyatt Regency កាលពីព្រឹកថ្ងៃទី១៤ មីនា ២០២២នេះថា ក្រសួងទាំងបីបានស្រុះស្រួលគ្នាក្នុងការផ្លាស់ប្តូររយៈពេលនៃការកំណត់ថ្លៃប្រេងឥន្ធនៈលក់រាយពី១៥ថ្ងៃម្ដងមកនៅ ត្រឹម១០ថ្ងៃម្ដង ពីព្រោះមួយរយៈពេលចុងក្រោយនេះហាងឆេងប្រេងឥន្ធនៈអន្តរជាតិមានការប្រែប្រួលលឿន ហើយតម្លៃក៏មានការប្រែប្រួលលឿនដែរក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។

 

លោកបន្តថា កាលពីសប្ដាហ៍មុនតម្លៃប្រេងឆៅក្នុងរង្វង់១៣០ដុល្លារ ក្នុងមួយបារ៉ែល ហើយសប្ដាហ៍ក្រោយមកទៀតតម្លៃបានហក់ឡើងដល់១៤៥ដុល្លារអាមេរិកក្នុងមួយបារ៉ែលនឹងអាចហក់ឡើងខ្ពស់ជាបន្តបន្ទាប់ទៀត។

 

លោកបន្ថែមថា “កម្ពុជាជាប្រទេសទិញប្រេងដែលចំរាញ់រួចយកមកប្រើប្រាស់ ដូច្នេះហើយដើម្បីធានាឱ្យតុល្យភាពរវាងអ្នកប្រើប្រាស់និងអ្នកផ្គត់ផ្គង់ រដ្ឋាភិបាលបានគិតគូរទាំងសង មិនអាចច្របាច់ឱ្យវិស័យឯកជនស្លាប់ ហើយជួយតែពលរដ្ឋនោះដែរ។ បើសិនជាយើងច្របាច់វិស័យឯកជនខ្លាំងពេក កម្ពុជានឹងអត់ប្រេងលក់ព្រោះវិស័យឯកជននឹងឈប់នាំចូលប្រេងមកលកពីព្រោះតែតម្លៃខ្ពស់ហើយលក់វិញក្នុងតម្លៃទាប”។

 

លោកបន្ថែមថា សូមពលរដ្ឋកុំបារម្ភជ្រុលហួសហេតុពេល ពីព្រោះថាសង្គ្រាមវានឹងនាំមកនូវបច្ច័យអាក្រក់ ហើយសង្គ្រាមនេះវានឹងចប់នៅពេលឆាប់ៗ ដែលអាចធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចពិភពលជាពិសេសវិស័យប្រេងនេះនឹងត្រលប់មករកប្រក្រតីវិញ។

 

ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ម្ចាស់ស្ថានីយប្រេងឥន្ធនៈមួយចំនួនបានបិទស្ថានីយ៍របស់ខ្លួន ខ្លះលក់តែសាំងស៊ុបពែរដែលមិនស្ថិតនៅក្រោមការកំណត់របស់ក្រសួង ពីព្រោះថាប្រេងសាំងធម្មតានិងម៉ាស៊ូតបានហក់ឡើងថ្លៃខ្ពស់ហួសពីការកំណត់ដែលមិនឱ្យម្ចាស់ស្ថានីយ៍រកប្រាក់ចំណេញបាន តែផ្ទុយទៅវិញមានតែខាត។

តម្លៃប្រេងសាំងធម្មតាលក់រាយនៅកម្ពុជារំពឹងថានឹងហក់ឡើងដល់លើស៥០០០រៀលក្នុងមួយលីត្រ នៅរយៈពេលប៉ុន្មានថ្ងៃខាងមុខក្រោយពេលក្រសួងបានចេញសេចក្ដីប្រកាសកំណត់ ដែលជាផលអាក្រក់កាន់តែខ្លាំងសម្រាប់អ្នកដែលប្រើប្រាស់ប្រេងឥន្ធនៈជាចាំបាច់។ ការឡើងថ្លៃប្រេងសាំងនេះដែរក៏បានជំរុញឱ្យផលិតផលមួយចំនួនទៀតហក់ឡើងដូចគ្នាដោយសំអាងថាសាំងឡើងថ្លៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here