ដោយៈ សុផារី
បន្ទាយមានជ័យៈ ហាង7-Eleven នៅថ្ងៃសុក្រ ទី១១ ខែមីនានេះ បានពង្រីកសាខាបន្ថែម តាមរយៈការសម្ភោធសាខាដំបូង នៅតាមបណ្តាខេត្ត ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយទទួលបានជោគជ័យលើសាខា៦ផ្សេងទៀតក្នុងរាជធានីភ្នំពេញ។

លោក ឈុំរម ចេនឆ័យ នាយកគ្រប់គ្រងក្រុមហ៊ុន ស៊ីភី អល (ខេមបូឌា) ឯ.ក ដែលជាបុត្រសម្ព័ន្ធមិនផ្ទាល់មួយនៃក្រុមហ៊ុន ស៊ីភី អល ចំកាត់ បានថ្លែងថា ហាងសេវេនអ៊ីឡេវេន សាខាស៊ីសេនម៉លប៉ោយប៉ែត ជាសាខាថ្មីចុងក្រោយបង្អស់ ដែលបើកបម្រើសេវាកម្មនៅកម្ពុជា និងជាសាខាដំបូងដែលស្ថិតនៅក្រៅរាជធានីភ្នំពេញ។

លោកបន្តថា “សាខានេះស្ថិតក្នុងបរិវេណស៊ីសេនម៉ល ដែលជាមជ្ឈមណ្ឌលផ្សារទំនើប ប្រចាំតំបន់ខ្នាតធំព័ទ្ធជុំវិញ ដោយទីប្រជុំជនអ៊ូអរ ព្រមទាំងជាមជ្ឈមណ្ឌលសេដ្ឋកិច្ច រួមមានធុរកិច្ចជាច្រើនប្រភេទ”។លោកបន្ថែមថា “7-Eveleven នៅបន្តយ៉ាងមុតមាំផ្តល់ជូនផលិតផល និងសេវាកម្មដែលមានគុណភាព ដើម្បីបង្កភាពងាយស្រួល និងលើកកម្ពស់គុណភាពជីវិតដល់បងប្អូនប្រជាពលរដ្ឋ និងសហគមន៍នៅជុំវិញ“។

ក្រុមហ៊ុន ស៊ីភី អល (ខេមបូឌា) ឯ.ក បានចុះកិច្ចព្រមព្រៀងធ្វើអាជីវកម្មផ្តាច់មុខ ដើម្បីប្រតិបត្តិការហាងលក់ទំនិញ 7-Elevenនៅកម្ពុជា ជាមួ យក្រុមហ៊ុន 7-Eleven Inc រយៈពេល៣០ឆ្នាំ ដែលភាគីនីមួយៗអាចនឹងបន្តកិច្ចព្រមព្រៀង រយៈពេល២០ឆ្នាំចំនួន២ដងបន្ថែមទៀតផងដែរ។ បច្ចុប្ប ន្ននេះ មានហាងសេវេនអ៊ីឡេវេនមានចំនួន៧សាខា ដែលសាខាដំបូង សេវេនអ៊ីឡេវេន ជ្រោយចង្វារបានបើកបម្រើសេវាកម្ម នាខែសីហា ឆ្នាំ២០២១កន្លងមក៕







