ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ថា សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន មិនប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជាច្រើននោះទេ។
លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទនារសៀលថ្ងៃទី១១ មិនានេះថា ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសរុស្ស៊ី និងអ៊ុយក្រែនពិតជាមានផលប៉ះពាល់ ដោយសារប្រទេសទាំងពីរ កំពុងមានសង្រ្គាមជាមួយគ្នា ប៉ុន្តែទំហំពាណិជ្ជកម្មរវាងកម្ពុជា រុស្ស៊ី និងអ៊ុយក្រែនមានទំហំតូចនៅឡើយ។

លោកបន្តថា “ប្រសិនជាសង្រ្គាមកើតឡើងរវាងរុស្ស៊ី និងសហគមន៍
អឺរ៉ុបទើបយើងរងងផលប៉ះពាល់ធ្ងន់ធ្ងរ ប៉ុន្តែសង្រ្គាមរវាងប្រទេសទាំងពីរខាងលើនេះ មិនធ្វើឲ្យកម្ពុជាខាតបង់ធ្ងន់ធ្ងរទេ”។
តើប្រទេសរស្ស៊ី និងអ៊ុយក្រែន នាំចូលផលិតផលអ្វីពីកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ឲ្យដឹងថា ភាគច្រើនកម្ពុជានាំចេញផលិតផលវាយណភ័ណ្ឌ និងកសិផលមួយចំនួនទៅកាន់ប្រទេសទាំងពីរ។
យ៉ាងណាក៏ដោយវិស័យដទៃទៀត ក៏បាននិងកំពុងរងផលប៉ះពាល់ដោយសារសង្រ្គាមរវាងរស្ស៊ី និងអ៊ុយក្រែនផងដែរ ពិសេសការលក់អចលនទ្រព្យបានថយចុះយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ៕







