IMF អនុម័តហិរញ្ញប្បទានគ្រាអាសន្ន១,៤ពាន់លានដុល្លារសម្រាប់ ជួយប្រទេសអ៊ុយក្រែន

ដោយៈសុខុម

វ៉ាស៊ីនតោន: មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រកាសថា ក្រុមប្រឹក្សាប្រតិបត្តិរបស់ខ្លួនកាលពីថ្ងៃពុធ ទី៩ មីនា បានអនុម័តហិរញ្ញប្បទានគ្រាអាសន្ន រហូតដល់ទៅ១,៤ពាន់លានដុល្លារ សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន។

យោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១០ មីនា នេះឱ្យដឹងថា ហិរញ្ញប្បទានគ្រាអាសន្ននេះ ដើម្បីជួយបំពេញតម្រូវការចំណា​យបន្ទាន់ និងដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច ដែលបង្កឡើងដោយការឈ្លានពានពីសំណាក់យោធារុស្ស៊ី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ស្ថាប័នផ្តល់ឥណទានពិភពលោកមួយនេះ បានលើកឡើងថា អាជ្ញាធរអ៊ុយក្រែន បានលុបចោលកិច្ចព្រមព្រៀងឥណទាន បម្រុងជើងការដែលមានស្រាប់ជាមួយ IMF ទៅហើយ ប៉ុន្តែប្រទេសនេះ នឹងធ្វើការជាមួយIMF ដើម្បីរៀបចំកម្មវិធីសេដ្ឋកិច្ចសមស្របមួយ ដែលផ្តោតលើការស្តារឡើងវិញ និងជំរុញកំណើន នៅពេលស្ថានភាពអំណោយផល។

លោកស្រី Kristalina Georgieva នាយកគ្រប់គ្រងមូលនិធិ IMF បានចេញសេចក្តីថ្លែងការណ៍បន្ទាប់ពីកិច្ចប្រជុំថា “ការឈ្លានពានពីសំណាល់យោធារុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន បានបង្កឱ្យមានវិបត្តិមនុស្សធម៌ និងវិបត្តិសេដ្ឋកិច្ចដ៏ធំ” ដោយលោកស្រីព្យាករថា សេដ្ឋកិច្ចអ៊ុយក្រែន នឹងដាំក្បាលចុះហៅមិនឮនៅឆ្នាំនេះ។

លោកស្រីបានបន្ថែមទៀតថា “តម្រូវការហិរញ្ញប្បទានគឺមានទំហំធំ និងបន្ទាន់ខ្លាំង ហើយអាចនឹងកើនឡើងខ្លាំង ខណៈសង្រ្គាមនៅតែបន្តឆាបឆេះ។ នៅពេលសង្រ្គាមបញ្ចប់អ៊ុយក្រែន ទំនងជាត្រូវការជំនួយគាំទ្រដ៏ធំបន្ថែមទៀត”។

មូលនិធិ IMF និយាយថា សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន បានបង្កឱ្យមានផលវិបាកធ្ងន់ធ្ងររួចទៅហើយ ហើយថាមនុស្សជាង២លានាក់បានរត់ភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន ក្នុងរយៈពេលត្រឹមតែ១៣ថ្ងៃ និងបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗអស់យ៉ាងច្រើន៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here