IFC ផ្តល់កម្ចី១០០លានដុល្លារដល់ធនាគារ ហត្ថា ក្នុងការគាំទ្រវិស័យSMEគ្រប់គ្រងដោយស្ត្រី

ដោយ៖ សុផារី

ភ្នំពេញ៖ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលជាសមាជិកនៃធនាគារពិភពលោក បានផ្តល់ប្រាក់កម្ចីរហូតដល់១០០លានដុល្លារដល់ធនាគារ ហត្ថា សម្រាប់ផ្តល់ប្រាក់កម្ចីដល់សហគ្រាសខ្នាតតូច និងមធ្យម (WMSMEs) ដែលគ្រប់គ្រងដោយស្ត្រីនៅក្នុងប្រទេសកម្ពុជា។

យោងតាមសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិIFC ប្រាក់កម្ចីនេះរួមបញ្ជូលកម្ចីពីគណនីផ្ទាល់ខ្លួនរបស់IFC ដែលមានទឹកប្រាក់ប្រមាណ២៥ទៅ៥០លានដុល្លារ និងការកៀងគរពីសមាជិកចំនួនប្រមាណ៥០ទៅ៧០លានដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោននេះ បាននិយាយថា “ការវិនិយោគរបស់IFC នឹងត្រូវបានប្រើប្រាស់ទាំងស្រុងសម្រាប់ការផ្តល់ប្រាក់កម្ចីដល់វិស័យSMEគ្រប់គ្រងដោយស្ត្រីនៅកម្ពុជា ដើម្បីគាំទ្រដល់កំណើននៃផលប័ត្រនៃវិស័យរបស់ធនាគារ ហត្ថា ដែលត្រូវបានរំពឹងថានឹងរួមចំណែកក្នុងការបង្រួមគម្លាតហិរញ្ញប្បទានដល់SMEគ្រប់គ្រងដោយស្ត្រីនៅកម្ពុជា”។

កាលពីខែឧសភាឆ្នាំមុនIFC បានស្នើផ្តល់កម្ចីរហូតដល់ទៅ៤០លានដុល្លារដល់ធនាគារ ហត្ថា ដើម្បីគាំទ្រផលប័ត្រនិងកែលម្អលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងអំឡុងពេលជំងឺកូវីដ១៩បច្ចុប្បន្ន។

IFC បានវិនិយោគលើធនាគារ ហត្ថា តាំងពីឆ្នាំ២០១៥។ ធនាគារ ហត្ថា គឺជាធនាគារមួយក្នុងចំណោមធនាគារឈានមុខផ្សេងទៀតនៅកម្ពុជា ដែលទទួលបានអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារពាណិជ្ជពី ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម នៅខែសីហាឆ្នាំ២០២០ ដោយបានដំណើរការអស់រយៈពេលជាង២៦ឆ្នាំមកហើយ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ធនាគារមានទ្រព្យសកម្មសរុបប្រហែល២ពាន់លានដុល្លារ និងផលប័ត្រប្រាក់កម្ចីសរុបប្រហែល១,៧ពាន់លានដុល្លារ និងមានសាខាចំនួន១៧៧សាខា នៅក្នុង២៥ខេត្តក្រុងផងដែរ។

ធនាគារនេះត្រូវបានគ្រប់គ្រងទាំងស្រុងដោយធនាគារ Ayudhya Public Company Limited (BAY) ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងប្រទេសថៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here