ដោយ៖ សូរិយា
ភ្នំពេញ៖ ផ្សារពាណិជ្ជកម្ម ខេមបូឌាត្រេដ (Cambodia Trade) របស់ក្រសួងពាណិជ្ជកម្ម ដែលបង្កើតឡើង ដើម្បីជួយសម្រួលដល់ការលក់ទំនិញ និងផលិតផលរបស់កម្ពុជា គិតរហូតមកដល់ពេលនេះ នៅមិនទាន់ដាក់ឱ្យដំណើរការនៅឡើយទេ ដោយសារបញ្ហាបច្ចេកទេស ខណៈដែលផ្សារមួយនេះគ្រោងដាក់ឱ្យដំណើរការតាំងពីចុងឆ្នាំ២០២១មកម្ល៉េះ។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២កន្លងទៅ បានមានប្រសាសន៍ថា រាល់ថ្ងៃនេះក្រុមការងារបានខិតខំប្រឹងប្រែងណាស់ ដើម្បីរៀបចំផ្សារអនឡាញនេះឱ្យដំណើរការទៅដោយរលូននិងល្អប្រសើរ។
លោកពន្យល់ថា ដោយសារវេបសាយជា platform របស់ក្រសួង ដូច្នេះយើងត្រូវធ្វើឲ្យម៉ត់ចត់មែនទែន បានយើងដាក់ឱ្យដំណើរ ព្រោះខ្លាចខូចឈ្មោះក្រសួង នៅពេលក្រសួងអនុញ្ញាតឱ្យក្រុមហ៊ុនដាក់តាំងលក់ផលិតផលនានាក្នុងផ្សារមួយនេះ ព្រោះថា រាល់ផលិតផលទាំងអស់ដែលបង្ហាញលក់ តម្រូវឲ្យមានគុណភាព ស្តង់ដារ និងបញ្ជាក់ប្រភពច្បាស់លាស់។
ផ្សារអេឡិចត្រូនិក ខេមបូឌាត្រេដ ត្រូវបានបង្កើតឡើងដើម្បីឱ្យមានការចូលរួមឱ្យកាន់តែច្រើន ក្នុងការជួយសម្រួលដល់ការលក់ទំនិញ និងផលិតផលរបស់កម្ពុជាទៅកាន់អ្នកទិញ។ បន្ថែមពីនេះ នឹងអនុញ្ញាតឱ្យសហគ្រាសធុនតូច និងមធ្យមឈានទៅរកទីផ្សារទូលំទូលាយទាំងនៅក្នុងស្រុក និងនៅក្រៅស្រុក ដោយផ្តល់លទ្ធភាពឱ្យ ពួកគេទទួលបាននូវកំណើនសេដ្ឋកិច្ចឌីជីថលសកល។

គិតត្រឹមឆ្នាំ២០២១ ផ្សារខេមបូឌាត្រេដ មានសហគ្រាសធុនតូច និងមធ្យមសរុបចំនួនប្រមាណជាង ៥០ ដែលបានបំពេញលក្ខខណ្ឌក្នុងការដាក់តាំងផលិតផលប្រើប្រាស់ផ្សារនេះ ដែលក្នុងនោះមានផលិតផលចំនួនជាង៣០០មុខ ជាប្រភេទទំនិញសិប្បកម្ម ចំណីអាហារកែច្នៃ ផលិតផលកសិកម្ម ទំនិញវាយនភ័ណ្ឌនិងសម្លៀកបំពាក់ ទំនិញឧស្សាហកម្មខ្នាតតូច។ល៕







