ដោយៈម៉ាលីនណា
ភ្នំពេញៈ គិតចាប់ពីខែមករា និងខែកុម្ភៈ ដើមឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) បានរកឃើញស្ថានីយ/ដេប៉ូនានា ដែលមិនអនុលោមទៅនឹងបទប្បញ្ញាត្តិ ពាក់ព័ន្ធនឹងការធ្វើអាជីវកម្មប្រេងឥន្ធនៈ ចំនួន២៦៧កន្លែង ក្នុងចំណោមទីតាំងបានចុះត្រួតពិនិត្យទូទាំងប្រទេសចំនួន៧៦៨កន្លែង។

លោកផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៧ មិនានេះថា ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២២ មន្រ្តី ក.ប.ប. បានចុះត្រួតពិនិត្យភាព អនុលោមទៅនឹងបទប្បញ្ញាត្តិ ពាក់ព័ន្ធនឹងការធ្វើអាជីវកម្មប្រេងឥន្ធនៈនៅតាមបណ្តាស្ថានីយ និងដេប៉ូនានានៅទូទាំងប្រទេសបានចំនួន៧៦៨ ដោយរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន២៦៧ ស្មើ៣៤.៧៦% ប្រកបអាជីវកម្មមិនសុចរិត។
ដោយឡែកក្នុងរយៈពេល២ខែ ចុងឆ្នាំ២០២១ (វិច្ឆិកា និងធ្នូ) មន្រ្តីក.ប.ប. បានចុះត្រួតពិនិត្យភាពអនុលោម ទៅនឹងបទប្បញ្ញាត្តិ ពាក់ព័ន្ធនឹងការធ្វើអាជីវកម្មប្រេងឥន្ធនៈនៅតាមបណ្តាស្ថានីយ និងដេប៉ូនានានៅទូទាំងប្រទេសបានចំនួន៦៦៣ ដោយរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន២៥៤ ស្មើ៣៨.៣១% ប្រកបអាជីវកម្មមិនសុចរិត។

បើប្រៀបធៀបជាមួយរយៈពេលដូចគ្នា នៃឆ្នាំ២០២១ (ពីរខែចុងឆ្នាំ) បទល្មើសពាក់ព័ន្ធ នឹងអាជីវកម្មប្រេងឥន្ធនៈ មានការថយចុះចំនួន ៣.៥៥ភាគរយ។
លោកផាន អូនបានបញ្ជាក់ថា ពាក់ព័ន្ធករណីអ្នកប្រកបអាជីវកម្មមិនសុចរិតនេះ ក.ប.ប. “យើងបានមើលអស់ទើបយើងសរុបពិនិត្យមើលទិន្នន័យលើកទី២ទៀត ហើយស្នើរសុំគោលការណ៍ពីគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ បើមានកំហុសលើកទី៣ យើងនឹងមានវិធានការយ៉ាងម៉េច ដើម្បីអនុវត្តន៍វិធានការណ៍ពិន័យអន្តរការណ៍ ព្រោះជាបទល្មើស ដែលជាកំហុសទី១ ដើម្បីស្នើរសុំឲ្យធុរជនធ្វើការកែតម្រូវ”។

តម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ត្រូវបានដាក់លក់ក្នុងតម្លៃ៤៨០០រៀល ក្នុង១លីត្រ សម្រាប់សាំងធម្មតា។ រីឯប្រេងម៉ាស៊ូតថ្លៃ៤៥០០រៀល ក្នុង១លីត្រ។ ដោយឡែក ប្រេងស៊ុបពែរថ្លៃ៥៣៥០រៀល នៅក្នុង១លីត្រ៕







