ដោយៈ សុផារី
ភ្នំពេញៈ លោកថោង ខុន បានអះអាងថា ចរន្តភ្ញៀវទេសចរក្នុងសប្តាហ៍នេះ មានសន្ទុះវិជ្ជមានឡើងវិញ បន្ទាប់ពីមានការថមថយ៣សប្តាហ៍ជាប់គ្នា។ ជាក់ស្តែង តួលេខខាងលើមានការកើនឡើង ប្រមាណ២០,៨៣% ធៀបនឹងចុងសប្តាហ៍កន្លងមក។
ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ថ្ងៃទី៥-៦ ខែមីនា ឆ្នាំ២០២២ មានសន្ទុះវិជ្ជមានឡើងវិញ បន្ទាប់ពីមានការថមថយ៣សប្តាហ៍ ជាប់គ្នា ដោយភ្ញៀវសរុបមានចំនួន១៩៩,៤២៩នាក់ ក្នុងនោះភ្ញៀវជាតិ១៨៨,៣៣៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១១,០៩១នាក់។
លោកបានបញ្ជាក់ថា “ជាមួយអត្រាឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ដែលមានលក្ខណៈថមថយខ្លះ ធៀបនឹងសប្តាហ៍កន្លងមក ភ្ញៀវទេសចរបានចាប់ផ្តើមដើរកម្សាន្ត នៅតាមគោលដៅទេសចរណ៍តាមខេត្តឡើងវិញ ជាបណ្តើរៗ ប៉ុន្តែតាមការសង្កេតជាក់ស្តែង ចរន្តភ្ញៀវពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត ក៏នៅមិនទាន់មានចំនួនច្រើននៅឡើយ ធៀបនឹងរយៈពេលមុនមានការកំរើកឡើងនៃវីរុសប្រភេទអូមីក្រុង”។
លោកបន្តថា បើសិនជានិន្នាការនៃការរីករាលដាល នៃអូមីក្រុងបន្តថមថយចុះ ចរន្តភ្ញៀវទេសចរផ្ទៃក្នុង នឹងមានភាពផុសផុលត្រលប់មកវិញ ពិសេសអាចវិលទៅរកស្ថានភាព មុនការកម្រើកនៃប្រភេទអូមីក្រុងនេះ ដូចកាលពីកំឡុងចុងខែមករា និងដើមខែកុម្ភៈកន្លងមក។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន គោលដៅទី១ គឺ ខេត្តព្រះសីហនុ ៤០ ០១២នាក់ គោលដៅទី២ គឺ រាជធានីភ្នំពេញ ២៤ ១០១នាក់ តាមដោយខេត្តពោធិ៍សាត់ ២៣៥ ១៨នាក់ ខេត្តបាត់ដំបង ២០ ៥៩០នាក់ ខេត្តកំពត ១៩ ៣៦១នាក់ ខេត្តសៀមរាប ១៨ ៦០៩នាក់ ខេត្តកែប ៦៣ ១៦នាក់ ខេត្តកំពង់ស្ពឺ ៥ ៨៧៧នាក់ និងខេត្តមណ្ឌលគិរី ៥ ០៣១នាក់។
ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមានការយកចិត្តទុកដាក់ខ្លាំងជាមុន ពិសេសការអនុវត្តវិធានការជាមូលដ្ឋាន “៣កុំ និង ៣ការពារ” ដោយបារម្ភខ្លាចប្រភេទអូមីក្រុង ដែលមានការចម្លងលឿន។
ក្រសួងទេសចរណ៍ រដ្ឋបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍ មន្ទីរសុខាភិបាលនៅតែបន្តសហការជាមួយមន្ទីរ និងស្ថាប័នពាក់ពាន់ខិតខំជំរុញការអនុវត្តន៍វិធានការ៣កុំ និង៣ការពារ វិធានសុវត្ថិភាពទេសចរណ៍ និង SOP ជាប្រចាំ បើទោះអត្រាឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង មានការស្រាកស្រាន្តខ្លះក៏ដោយ៕