ក្រុមហ៊ុនអាកាសចរណ៍ Thai Viet Jet ប្រកាសបើកជើងហោះហើរត្រង់ពីក្រុងបាងកក ភ្នំពេញ

ដោយៈវឌ្ឍនៈ

ភ្នំពេញ: ក្រុមហ៊ុនអាកាសចរណ៍ Thai Viet Jet បានប្រកាសបើកដំណើរការជើងហោះហើរថ្មី ពីរាជធានីភ្នំពេញ ទៅទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២២ នេះតទៅ។

នាយកប្រតិបត្តិ នៅក្រុមហ៊ុនអាកាសចរណ៍ ថៃវៀតចេត នឹងចូលរួមចំណែក ជួយធ្វើអោយសេដ្ឋកិច្ច នៅក្នុងប្រទេសទាំង២ មានភាពប្រសើរឡើងវិញ ទោះស្ថិតនៅក្នុងដំណាក់កាលកូវីដ១៩ក្តី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី៣ មីនាកន្លងមកនេះ លោក Woranate Laprabang នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ ថៃវៀតចេត បានមានប្រសាសន៍ថា ការទំនាក់ទំនងរវាងប្រទេសថៃ និងប្រទេសកម្ពុជា តាមរយៈថៃវៀតចេត នឹងផ្តល់ឱកាសឲ្យ ប្រជាជនថៃបានហោះហើរទៅប្រទេសកម្ពុជា ក៏ដូចជាស្វាគមន៍អ្នកដំណើរនិងអ្នកជំនួញ នៃប្រទេសកម្ពុជាមកទស្សនា និងទទួលយកបទពិសោធន៍ពីភាពស្រស់ស្អាតនៃប្រទេសថៃ បន្ទាប់ពីការរីករាលដាលពីជម្ងឺកូវីដ១៩។

លោកបន្តថា ជើងហោះហើរទៅកាន់គោលដៅ ប្រទេសទាំង២នេះ ក៏ជាចំណែកមួយ អាចជួយអោយសេដ្ឋកិច្ច នៅក្នុងប្រទេសទាំង២ មានភាពប្រសើរឡើងវិញ និងធ្វើអោយតម្រូវការ នៃការធ្វើដំណើរតាមផ្លូវអាកាសមានការកើនឡើង។ ពិសេសជំរុញអោយមានមានទំនាក់ទំនង ផ្នែកទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសទាំង២ ដើម្បីបញ្ជាក់ពីគោលដៅក្នុងការពង្រីកបណ្តាញទំនាក់ទំនង និងបំពេញតម្រូវការរបស់ភ្ញៀវទេសចរណ៏។

លោក Pinyot Pibulsonggram នាយកគ្រប់គ្រងផ្នែកផ្សព្វផ្សាយ បានបញ្ជាក់ថា ជើងហោះហើរអន្តរជាតិថ្មីរវាង ភ្នំពេញ និងបាងកក (សុវណ្ណភូមិ) នឹងដំណើរការ១សប្តាហ៍ ៣ដង នៅរៀងរាល់ថ្ងៃច័ន្ទ ថ្ងៃពុធ និង ថ្ងៃសុក្រ ជាមួយនឹងរយៈពេលហោះហើរ១ម៉ោង១០នាទី។ លើសពីនេះទៅទៀត ជើងហោះហើរថ្មី ពីរាជធានីភ្នំពេញទៅទីក្រុងបាងកក រួមជាមួយនឹងបណ្តាញរបស់ក្រុមហ៊ុន ថៃ វៀតចេត បានបន្ថែមកាលវិភាគជើងហោះហើររវាង បាងកក-ហូជីមិញ សរុបរហូតទៅដល់៦ដងក្នុង ១សប្តាហ៍ ដើម្បីផ្តល់ជូននូវជម្រើសដ៏ល្អបំផុត ដល់ភ្ញៀវក្នុងប្រទេសទាំង២នេះ។

ក្នុងរយៈពេលខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍ថៃ វៀតចេតសង្ឃឹ​មថា នឹងអាចពង្រីក និងបន្ថែមបណ្តាញជើងហោះហើរ អន្តរជាតិរបស់ខ្លួន ទៅកាន់គោលដៅជាច្រើនបន្ថែមទៀត ជាពិសេសនៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិច ដូចជា ប្រទេសវៀតណាម ប្រទេសសិង្ហបុរី ប្រទេសតៃវ៉ាន់។ល។

ក្រុមហ៊ុនថៃ វៀតចេត បានបង្កើតឡើងក្នុងឆ្នាំ២០១៤ និងបានសហការជាមួយក្រុមហ៊ុន វៀតចេត អ៊ែរ ដើម្បីពង្រីកបណ្តាញហោះហើររបស់ខ្លួន និងផ្តល់ឱកាសកាន់តែច្រើន សម្រាប់អ្នកធ្វើដំណើរទៅកាន់ប្រទេសថៃ និងប្រទេសជាច្រើនទៀត ប្រកបដោយសេវាកម្មរួសរាយរាក់ទាក់ និងសប្បាយរីករាយ។ ថៃ វៀតចេត ទទួលបានពានរង្វាន់ ក្រុមហ៊ុនដឹកអ្នកដំណើរដែលមានតម្លៃទាបនិងរីកលូតលាស់លឿនបំផុតនៃឆ្នាំ២០២០ ដោយទស្សនាវដ្តី Global Business Outlook៕

LEAVE A REPLY

Please enter your comment!
Please enter your name here