ចាប់ពីខែមេសា អន្តរក្រសួងតម្រូវឱ្យក្រុមហ៊ុនវាយនភ័ណ្ឌកាត់ដេរបំពេញលក្ខខណ្ឌពីរយ៉ាង ដើម្បីទទួលសិទ្ធិនាំចេញ

ដោយ: សុផារី

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ តទៅ រោងចក្រ សហគ្រាសផលិត និងនាំចេញផលិត ផល វាយនភណ្ឌ និងកាត់ដេរសម្លៀកបំពាក់ និងផលិតផល ធ្វើ ដំណើរ និងកាបូប ដែលមិនបានចុះបញ្ជីនិងបង់វិភាគទានហិរញ្ញវត្ថុទ្រទ្រង់គម្រោងរោងចក្រនឹងមិនទទួលបានសិទ្ធិក្នុងការនាំចេញទំនិញ ទៅបរទេសពីក្រសួងពាណិជ្ជកម្មឡើយ។

នេះបើតាមសេចក្តីជូនដំណឹងរួម រវាង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងពាណិជ្ជកម្ម ចេញផ្សាយនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមសេចក្តីប្រកាសនេះបានឲ្យដឹងថា ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ តទៅ រោងចក្រ សហគ្រាស ដែលផលិត និងនាំចេញផលិតផលវាយនភណ្ឌ និងកាត់ដេរសម្លៀកបំពាក់ និងផលិតផលធ្វើដំណើរ និងកាបូប ដែលមិនបានចុះបញ្ជី និងបង់វិភាគទានហិរញ្ញវត្ថុទ្រទ្រង់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា និងមិនមានវិញ្ញាបនបត្របញ្ជាក់ អនុលោមភាពលក្ខខណ្ឌការងារប្រចាំឆ្នាំ ដែលចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងមិនទទួលបានសិទ្ធិក្នុងការនាំចេញទំនិញ ទៅបរទេសពីក្រសួងពាណិជ្ជកម្មឡើយ។

អន្តរក្រសួងបានក្រើនរម្លឹក ដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ដែលផលិត និងនាំចេញ ផលិតផល វាយនភណ្ឌ និងកាត់ដេរសម្លៀកបំពាក់ និងផលិតផល ធ្វើដំណើរ និងកាបូបទាំងអស់ ត្រូវត្រូវចុះបញ្ជី និងបង់វិភាគទានហិរញ្ញវត្ថុទ្រទ្រង់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (Better Factories Cambodia – BFC) តាមរយៈសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (Garment Manufacturers Association in Cambodia – GMAC) ស្របតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នារវាងរាជ រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងអង្គការអន្តរជាតិខាងការងារ ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។

បន្ថែមលើនេះ ត្រូវមានវិញ្ញាបនបត្របញ្ជាក់អនុលោមភាពលក្ខខណ្ឌការងារ ដែលចេញដោយគណៈកម្មការផ្តល់ វិញ្ញាបនបត្របញ្ជាក់អនុលោមភាពលក្ខខណ្ឌការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបញ្ជាក់ អំពីស្ថានភាពលក្ខខណ្ឌការងារប្រចាំរោងចក្រ សហគ្រាសផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here