ដោយៈលក្ខិណា
ភ្នំពេញៈ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកប្រទេសឡើងវិញនៅដើមខែវិច្ឆិកា២០២១កន្លងទៅ ហើយក្រោយពេលរដ្ឋាភិបាលបើកប្រទេសវិញឃើញថា សកម្មភាព សេដ្ឋកិច្ចអាជីវកម្មជាច្រើន ក៏បានចាប់ផ្ដើមដំណើរការក្នុងទេសចរណ៍ ក្នុងស្រុកក៏បានកម្រើកកាន់តែខ្លាំងឡើងវិញដែរ។

បើតាមសេចប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា ក្រោយកិច្ចប្រជុំគណៈកម្មាធិការនយោបាយរូបិយវត្ថុ លើកទី៥៨ឱ្យដឹងថា ការបើកប្រទេសឡើងវិញ បានផ្ដល់ផលវិជ្ជមានទៅលើសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ។
សេចក្ដីប្រកាសឱ្យដឹងថា សកម្មភាពដឹកជញ្ជូន ពាណិជ្ជកម្ម និងទេសចរណ៍ក្នុងស្រុក ជាដើមបានចាប់ផ្ដើមកម្រើកឡើងវិញ ស្របពេលដែលសេដ្ឋកិច្ចពិភពលោកបន្តទទួលបានកំណើនផងដែរ។ អត្រាអតិផរណាបន្តស្ថិតនៅក្នុងកម្រិតទាប អាចគ្រប់គ្រងបានក្នុងអត្រា៣ភាគរយ ជាមួយនឹងស្ថិរភាពអត្រាប្តូរប្រាក់៤១០៨រៀលក្នុងមួយដុល្លារអាមេរិក ។
របាយការណ៍របស់ធនាគារជាតិឱ្យដឹងថា ទុនបម្រុងអន្តរជាតិបន្តមានកម្រិតខ្ពស់គ្រប់គ្រាន់ដែលស្មើនឹង៨ខែ នៃការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាប់ សម្រាប់បម្រើដល់ការអនុវត្តន៍នយោបាយរូបិយវត្ថុ ក៏ដូចជានយោបាយអត្រាប្តូរប្រាក់ ។ធនាគារជាតិនៃកម្ពុជាបន្តអនុវត្តនយោបាយវិត្ថារកម្ម និងគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច ខណៈដែលបន្តរក្សាបានស្ថិរភាពរឹងមាំ ក្នុងវិស័យធនាគារ ។

ក្នុងរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ក៏បានបង្ហាញពីការលេចឡើងមេរោគបំប្លែងថ្មី អូមីក្រុង ក្នុងសហគមន៍ អាចនឹងមានផលប៉ះពាល់ដល់សន្ទុះកំណើន ក៏ប៉ុន្តែឥទ្ធិពលនេះ រំពឹងថមថយដោយសារការគ្រប់គ្រងលើការរាលដាល និងវិធានការគាំទ្រនានារបស់រាជរដ្ឋាភិបាល។
សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបជាមួយ Joo Ok Lee ប្រធានកម្មវិធីតំបន់ ប្រចាំអាស៊ីប៉ាស៊ីហ្វិក និងជាសមាជិកគណៈកម្មការប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភព ក៏បានបង្ហាញក្ដីរំពឹងថា សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងមាន ការកើនឡើង ប្រមាណជា៥,៦ សម្រាប់ឆ្នាំ២០២២ ។ ការសម្រេចបាននូវតួលេខនេះ ក៏ផ្អែកលើការបើកប្រទេសបើកសង្គមសេដ្ឋកិច្ចឡើងវិញ កាលពីអំឡុងចុងឆ្នាំ២០២១កន្លងទៅនេះដែរ៕







