លោកស៊ុន ចាន់ថុលៈកម្ពុជានៅតែមានកំណើននៃការចុះបញ្ជីរថយន្ត

ដោយ៖ ម៉ាលីស

ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើង “កម្ពុជានៅតែមានកំណើនចុះបញ្ជីរថយន្ត ទោះបីស្ថិតក្នុងពេលឆ្លងរាតត្បាតនៃជំងឺវីរុស កូវីដ១៩ ក៏ដោយ” ការលើឡើងបែបនេះ ក្នុងពេលអញ្ជើញសម្ពោធយានដ្ឋានជួសជុលរថយន្តមួយកន្លែង នារាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ កុម្ភៈ ២០២២។

លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ កំណើននៃចំនួនរថយន្តនៅកម្ពុជា មានការកើនឡើងយ៉ាងខ្លាំង ដែលគិតរហូតមកដល់ពេលនេះ មានចំនួនជិត១លានគ្រឿង ដែលក្នុងនោះមានទាំងរថយន្តធុនធ្ងន់ និងប្រភេទរថយន្តធុនស្រាល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានឲ្យដឹងទៀតថា កាលពីឆ្នាំ១៩៩៨ ក្នុងមួយឆ្នាំ កម្ពុជាចុះបញ្ជីរថយន្តបានតែ៣៣០០គ្រឿង និងមានចំនួនរថយន្តសរុបចំនួន៦២, ០០០គ្រឿង ប៉ុន្តែឆ្នាំ២០២០ មានចំនួនរថយន្តសរុប កើនដល់ជាង៩២ម៉ឺនគ្រឿង ហើយនៅឆ្នាំ២០២១ យើងចុះបញ្ជីរថយន្តបានចំនួន៦១,០០០គ្រឿង ដែលមានន័យថា កើនឡើង២០ដងបើធៀបទៅនឹងឆ្នាំ១៩៩៨។

ទោះបីស្ថិតក្នុងបរិបទកូវីដ១៩ ឆ្នាំ២០២១ កម្ពុជាចុះបញ្ជីរថយន្តមានការកើនឡើងជាង១០ភាគរយ ធៀបទៅនឹងឆ្នាំ២០២០។ ឆ្នាំ២០២០ កើនឡើង១៣ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ហើយឆ្នាំ២០១៩ កើនឡើងជាង២០ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៨ ដូច្នេះ មានន័យថា ទោះជាមានបញ្ហាប្រឈមនឹងវិបត្តិកូវីដ-១៩ ក៏ប្រជាពលរដ្ឋនៅមានលទ្ធភាព និងមានមធ្យោបាយក្នុងការទិញរថយន្តសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ឬ ធ្វើអាជីវកម្ម។

ជាមួយគ្នានេះ លោកបានជំរុញ និងលើកទឹកចិត្តដល់បណ្តាអ្នកវិនិយោគ ក៏ដូចជាអ្នកប្រកបជំនាញផ្តល់សេវាជួសជុល និងថែទាំរថយន្តប្រកបដោយគុណភាពខ្ពស់ ស្របតាមកម្រិតស្តង់ដារបែបទំនើប នៅកម្ពុជាឲ្យបានកាន់តែច្រើន ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here