ដោយៈ ម៉ាលីស
ភ្នំពេញ: ខេត្តពោធិ៍សាត់ឈរលើលេខរៀងទី២ ខណៈសៀមរាបឈរលើលេខរៀងចុងក្រោយគេបង្អស់ ជាខេត្តមានគោលដៅទេសចរណ៍ច្រើនជាងគេ ក្នុងសប្តាហ៍ទី៤នៃ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថា ចុងសប្តាហ៍ថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២២ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ៣៤,៥២២នាក់
* ខេត្តពោធិ៍សាត់ ២៤,៥០២នាក់
* ខេត្តបាត់ដំបង ២៣,៥១០នាក់
* រាជធានីភ្នំពេញ ១៨,៧៣០នាក់
* ខេត្តកំពត ៨,២៥៤នាក់
* ខេត្តមណ្ឌលគិរី ៦,២៩៥នាក់
* ខេត្តកែប ៥,៤៩៥នាក់
* ខេត្តសៀមរាប ៤,៩៦៤នាក់។
នៅទូទាំងប្រទេស ទទួលបានភ្ញៀវសរុប១៦៥,០៤៦នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន១៥៧,៤៤៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៧,៦០៣នាក់។
កាលពីសប្តាហ៍ទី៤នៃខែមករាកន្លងទៅ ខេត្តពោធិ៍សាត់ឈរលើលំដាប់លេខរៀងទី៣ បន្ទាប់ពីទី១ ក្រុងព្រះសីហនុ និងទី២ ពីរាជធានីភ្នំពេញ។
ការបន្តរកឃើញអ្នកជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង នៅតាមបណ្តារាជធានី-ខេត្តនានា បានជះឥទ្ធិពលដល់ការសម្រចចិត្ត ធ្វើដំណើររបស់ភ្ញៀវទេសចរ។ ជាកស្តែង តួលេខខាងលើមានការថយចុះប្រមាណ១៧.០៩% ធៀបនឹងចុងសប្តាហ៍កន្លងមក។
ខណៈដែលចរន្តភ្ញៀវទេសចរពីរាជធានីភ្នំពេញ ទៅកាន់គោលដៅទេសចរណ៍តាមខេត្តបន្តថមថយខ្លះទៀត ការដើរកម្សាន្តក្នុងខេត្តរបស់ប្រជាពលរដ្ឋក្នុងខេត្តផ្ទាល់ ក៏មានថមថយខ្លះដែរ ពិសេសគោលដៅទេសចរណ៍សំខាន់ៗ ដូចជាខេត្តសៀមរាប ព្រះសីហនុ និងកំពតជាដើម។
ទន្ទឹមនឹងនេះ ការគិតគូរអំពីការសន្សំប្រាក់ចំណូលមួយចំនួន ព្រមជាមួយការទុកពេលវេលា ដើម្បីដើរកម្សាន្តពេលដែលជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង មានការស្រាកស្រាន្ត ពិសេសនាឱកាសបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរខាងមុខ ក៏ជាកត្តាមួយពន្យល់អំពីការថមថយចរន្តភ្ញៀវទេសចរ នារយៈពេល២សប្តាហ៍ចុងក្រោយនេះផងដែរ៕