ក្រសួងពាណិជ្ជកម្មនិងក្រុមហ៊ុនសិង្ហបុរីសហការជំរុញវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា

 ដោយៈម៉ាលីស

ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកសុខ សុភ័ក្ត្រ បានទទួលជួបពិភាក្សាការងារជាមួយលោក Lavan Thiru នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Infrastructure Asia របស់សិង្ហបុរី ដោយភាគីទាំងពីរបានពិភាក្សា សំដៅជំរុញអភិវឌ្ឍវិស័យពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា ក៏ដូចជាលើកកម្ពស់វិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យបានកាន់តែប្រសើរឡើង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងកិច្ចពិភាក្សានោះ គឺធ្វើឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម ដោយបានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាលើចំនុចសំខាន់ៗមួយចំនួន រួមមាន៖ (១) ក្របខ័ណ្ឌច្បាប់និងបទដ្ឋានគតិយុត្តិរបស់កម្ពុជា ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce)(២) ការអភិវឌ្ឍពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិករបស់វិស័យឯកជន និង (៣) ការចែករំលែកព័ត៌មានអំពីគម្រោងនានា ដែលInfrastructure Asia បាននិងកំពុងប្រតិបត្តិក្នុងប្រទេសកម្ពុជា។

លោកសុខ សុភ័ក្រ បានមានមតិស្វាគមន៍ចំពោះវត្តមានរបស់នាយកប្រតិបត្តិ និងប្រតិភូក្រុមហ៊ុន Infrastructure Asia និងបានគូសបញ្ជាក់អំពីសារៈសំខាន់ និងការអភិវឌ្ឍក្នុងវិស័យពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា ទាំងក្របខ័ណ្ឌច្បាប់ បទដ្ឋានគតិយុត្ត និងនៅក្នុងវិស័យឯកជន ព្រមទាំងលើកឡើងអំពីការយកចិត្តទុកដាក់ និងគំនិតផ្តួចផ្តើមថ្មីៗរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសតាមរយៈការដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ យន្តការនិងគោលនយោបាយលើកទឹកចិត្តផ្សេងៗ ក្រោមក្របខណ្ឌគតិយុត្តដែលមានស្រាប់ និងក្របខណ្ឌច្បាប់វិនិយោគថ្មី ដែលទើបនឹងចូលជាធរមាន និងកិច្ចសម្រួលពាណិជ្ជកម្មផ្សេងៗទៀត។

ជាកិច្ចឆ្លើយតប លោកLavan Thiru បានលើកឡើងអំពីប្រវត្តិសង្ខេប និងគោលបំណង នៃការធ្វើដំណើរទស្សនកិច្ចរបស់ក្រុមការងាររបស់លោកនៅពេលនេះ ដោយមានគោលបំណងសិក្សា និងស្វែងយល់អំពីការអភិវឌ្ឍនានាដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ សំដៅស្វែងរកឱកាស ដើម្បីធ្វើការវិនិយោគលើគម្រោង ដែលជាទូទៅត្រូវបានមើលរំលងដោយវិស័យឯកជន។

បន្ថែមពីនេះ លោកនាយកប្រតិបត្តិ ក៏បានជម្រាបជូនអំពីគម្រោងមួយចំនួនដែល Infrastructure Asia កំពុងប្រតិបត្តិនៅកម្ពុជា ដូចជា គម្រោងគ្រប់គ្រង និងបែងចែកកាកសំណល់ (ដំណាក់កាលទី១) និងគម្រោងគ្រប់គ្រងនិងកែច្នៃសម្រាម (ដំណាក់កាលទី២) ជាមួយនឹងក្រសួងបរិស្ថាន, គម្រោងរៀបចំ Phnom Penh Logistics Complex ជាមួយនឹងក្រសួងសាធារណៈការ និងដឹកជញ្ជូន ព្រមទាំងការសិក្សាសមិទ្ធលទ្ធកម្មចំពោះគម្រោងខ្សែច្រវ៉ាក់ត្រជាក់ ដែលនឹងជួយសម្រួលដល់ការប្រមូល និងរក្សាទុកនូវកសិផលឱ្យមានគុណភាពខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here