ក្រសួងពាណិជ្ជកម្មបើកសម្ពោធម៉ាកសមូហភាព “អង្ករព្រះវិហារ” លើកកម្ពស់អង្កររបស់កម្ពុជា នៅក្នុងទីផ្សារអន្តរជាតិ

ដោយ៖ សុធារី

ព្រះវិហារ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានសម្ភោធម៉ាកសមូហភាព “អង្ករព្រះវិហារ” ដើម្បីលើកកម្ពស់អង្កររបស់កម្ពុជា នៅក្នុងទីផ្សារអន្តរជាតិ តាមរយៈការកសាងកេរ្តិ៍ឈ្មោះម៉ាក ភូមិសាស្ត្រ ទំនិញ ម៉ាកសមូហភាព និងម៉ាកនិយ័តកម្ម សម្រាប់ជាអត្តសញ្ញាណប្រភពដើមផលិត ពាក់ព័ន្ធនឹងការផលិតដាក់លក់លើទីផ្សារក៏ដូចជាទប់ស្កាត់ការក្លែងបន្លំម៉ាក ក្នុងទីផ្សារជាតិ និងអន្តរជាតិ ដើម្បីធ្វើយ៉ាងណាឱ្យអ្នកផលិតទទួលអត្ថប្រយោជន៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជកម្ម បញ្ជាក់ថា ម៉ាកសមូហភាព អង្ករព្រះវិហារ បានចុះបញ្ជីនៅក្នុងនាយកដ្ឋានកម្មសិទ្ធបញ្ញា នៃក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ដែលជាឧត្តមប្រយោជន៍ដល់សមាជិកសមាជិកា សហភាពសមាគមន៍កសិកម្មព្រះវិហារមានជ័យ។

លោកមានប្រសាសន៍ថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ម៉ាក សមូហភាព អង្ករព្រះវិហារ មិនត្រឹមតែមានសក្តានុពលនៅក្នុងខេត្តព្រះវិហារនោះទេ គឺយើងមានអង្ករបាត់ដំបង អង្ករកំពង់ស្ពឺ អង្ករនាងអ៊ុ និងអង្ករស្មាច់ ដែលជាផែនការយុទ្ធសាស្ត្រ សមាហរណកម្មកម្ពុជា ឆ្នាំ២០១៩-២០២៣ ដើម្បីលើកកម្ពស់អង្កររបស់កម្ពុជា នៅក្នុងទីផ្សារអន្តរជាតិ តាមរយៈការកសាងកេរ្តិ៍ឈ្មោះម៉ាក ភូមិសាស្ត្រ ទំនិញ ម៉ាកសមូហភាព និងម៉ាកនិយ័តកម្ម សម្រាប់ជាអត្តសញ្ញាណប្រភពដើមផលិត ពាក់ព័ន្ធនឹងការផលិតដាក់លក់លើទីផ្សារក៏ដូចជាទប់ស្កាត់ការក្លែងបន្លំម៉ាក ក្នុងទីផ្សារជាតិ និងអន្តរជាតិ ដើម្បីធ្វើយ៉ាងណាឱ្យអ្នកផលិតទទួលអត្ថប្រយោជន៍។

លោកបន្តថា “ការដាក់សម្ភោធម៉ាក សមូហភាព អង្ករព្រះវិហារនេះ គឺក្នុងគោលបំណង គឺផ្តល់កិច្ចការពារកម្មសិទ្ធបញ្ញាទៅដល់សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ ដែលជាម្ចាស់ម៉ាក ក្រោមច្បាប់របស់ម៉ាកក៏ដូចជានាមនៃការប្រកួតប្រជែងមិនស្មោះត្រង់ និងទប់ស្កាត់ការក្លែងបន្លំម៉ាកសមូហភាព អង្ករព្រះវិហារ នៅលើទីផ្សារជាតិ និងអន្តរជាតិ”។

អភិរក្សចំណេះដឹង ចំណេះធ្វើតាមបែបប្រពៃណីរបស់ប្រជាកសិករនៅក្នុងខេត្តព្រះវិហារ តាមរយៈការរៀបចំ ចងក្រងជាបទបញ្ជារួមគ្រប់គ្រងក្នុងការប្រើប្រាស់ម៉ាកសមូហភាព អង្ករព្រះវិហារ ផ្សព្វផ្សាយអំពីកេរ្តិ៍ឈ្មោះរបស់អង្ករព្រះវិហារ ដើម្បីចូលរួមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងការដាំដុះក៏ដូចជាទាក់ទាញភ្ញៀវទេសចរ និងលើកកម្ពស់គុណភាព ស្តង់ដារ អនាម័យ ម៉ាកសមូហភាព អង្ករព្រះវិហារ។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ក្នុងបរិបទនៃជំងឺកូវីដ១៩ ដែលកំពុងរស់ជាមួយរយៈពេល២ឆ្នាំមកនេះ វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការកាត់បន្ថយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ជាចលករសេដ្ឋកិច្ចដ៏សំខាន់ និងរឹងមាំសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិ ហើយឆ្នាំ២០២០កន្លងទៅនេះ គឺវិស័យកសិកម្មបានរួមចំណែកបាន៣២% ហើយផលិតផលកសិកម្មជាស្រូវ អង្ករ បានផ្សារភ្ជាប់យ៉ាងជិតស្និទជាមួយនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតាមជនបទ និងផ្តល់ការងារផ្ទាល់ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរហូតទៅដល់ ៣លាននាក់។

លោក អ៊ុក ប្រជា បានលើកឡើងថា ក្រសួងពាណិជ្ជកម្មដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល គឺបានខិតខំបើកច្រកទីផ្សារក្រោមការធ្វើកិច្ចព្រមព្រៀង ជាទ្វេរភាគីក្តីជាពហុភាគីក្តី ក្នុងក្របខណ្ឌអង្កការពាណិជ្ជកម្មពិភពលោក ដែលបានអនុគ្រោះប្រព័ន្ធដែលតាមបណ្តាលប្រទេសអភិវឌ្ឍន៍ កំពុងអភិវឌ្ឍន៍ចំនួន ៣២ប្រទេស បើកច្រកទីផ្សារក្នុងក្របខណ្ឌអាស៊ាន ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងកិច្ចព្រមព្រៀងកម្ពុជាចិន កូរ៉េ ពិសេសក្នុងឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថាការចរចារកិច្ចព្រមព្រៀងកម្ពុជា-ចិន-កូរ៉េ នេះបានកំពុងតែអនុវត្តក្នុងនោះ គឺការចរចារនាំចេញនូវផលិតផលកសិកម្ម ក៏ដូចជាការនាំចេញនូវត្រីប្រា ទៅប្រទេសចិន ហើយផលិតផលកសិកម្មក្នុងនោះមានស្រូវ អង្ករ ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here