ដោយ៖ សុផារី
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យដំណើរការ កម្មវិធីវាស់ស្ទង់ល្បឿនអ៊ីនធឺណិត MPTC Speed Test របស់ក្រសួង។
ការដាក់ឱ្យដំណើរការ កម្មវិធីវាស់ស្ទង់ល្បឿនអ៊ីនធឺណិតនេះដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ ក្នុងការទទួលបានសេវាទូរគមនាគមន៍ ប្រកបដោយគុណភាព និងដើម្បីលើកកម្ពស់តម្លាភាពនៃការផ្តល់ទិន្នន័យ និងព័ត៌មានជាក់លាក់អំពី ស្ថានភាព អ៊ីនធឺណិត របស់អ្នកប្រើប្រាស់ ក.ប.ទ.។
ទន្ទឹមនឹងនេះ លទ្ធផលនៃការវាស់ស្ទង់ របស់អ្នកប្រើប្រាស់ នឹងក្លាយជាទិន្នន័យចាំបាច់ សម្រាប់យកទៅ វិភាគ និងរកដំណោះស្រាយ សំដៅពង្រឹងគុណភាព សេវាទូរគមនាគមន៍ឱ្យកាន់តែប្រសើរ។
កម្មវិធី MPTC Speed Test នេះ មានមុខងារចម្បងសម្រាប់វាស់ស្ទង់ដំណើរការអ៊ីនធឺណិត នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយបង្ហាញលទ្ធផលច្បាស់លាស់អំពីល្បឿនទាញយក (Download Speed)ល្បឿនបង្ហោះឡើង (Upload Speed) ភាពយឺតយ៉ាវ (Latency) ភាពរំខាន (Jitter) និងកម្រិតគុណភាពនៃការមើល វីដេអូតាមយូធូបជាដើម ដែលជាព័ត៌មានចាំបាច់ សម្រាប់ការប្រើប្រាស់អ៊ីនធឺណិតប្រចាំថ្ងៃ។
លើសពីនេះទៀត ក្នុងករណី ដែលការវាស់ស្ទង់ នេះ បានបង្ហាញលទ្ធផលថា គុណភាពសេវាអ៊ីនធឺណិតមានភាពមិនប្រក្រតី ឬស្ថិតនៅ កម្រិតមួយ មិនអាចប្រើប្រាស់បាន អ្នកប្រើប្រាស់អាចយកលទ្ធផលនោះ ជាភស្តុតាង សម្រាប់រាយការណ៍មកនិយ័តករ ទូគមនាគមន៍ កម្ពុជា តាមរយៈទូរសព្ទ Hotline ៦៧៨៩ ឬផ្ញើសារមកកាន់អ៊ីមែល [email protected] ដើម្បីប្តឹងតវ៉ា (Complaint) និងស្វែងរកដំណោះស្រាយ។
សាធារណជនអាចទាញយកកម្មវិធីនេះ មកប្រើប្រាស់ដោយឥតគិតថ្លៃចាប់ពីពេលនេះតទៅ ដោយ គ្រាន់ តែវាយពាក្យ «MPTC Speed Test» លើ App Store និង Play Store ឬ ស្កេន QR Code ខាងក្រោម ជាការស្រេច៕