ដោយ៖ សុផារី
ឥណ្ឌូណេស៊ី៖ ធនាគារអភិវឌ្ឍអាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ១៥០លានដុល្លារអាមេរិក ដែលមានបំណងពន្លឿនដល់ការស្តារសេដ្ឋកិច្ចឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩ របស់ប្រទេសឥណ្ឌូណេស៊ី។
ប្រធានផ្នែកហិរញ្ញវត្ថុបៃតង និងនវានុវត្តន៍របស់ធនាគារ ADB សម្រាប់តំបន់អាស៊ីអាគ្នេយ៍ និងជានាយកប្រចាំប្រទេសថៃ លោក Anouj Mehta បាននិយាយថា មូលនិធិនេះនឹងត្រូវបានប្រើប្រាស់ដើម្បីគាំទ្រដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធបៃតង និងអាចធានាបាន ដើម្បីជួយដល់ប្រទេសនេះសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ។
គោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៃកម្មវិធីហិរញ្ញវត្ថុបៃតងរបស់ប្រទេសឥណ្ឌូណេស៊ី (SIO-GFF) ដែលជាកម្មវិធីដំបូងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ត្រូវបានគេព្យាករថា នឹងផ្តល់ហិរញ្ញប្បទានយ៉ាងហោចណាស់ ១០គម្រោង ដោយមានយ៉ាងហោចណាស់ ៧០ភាគរយនៃហិរញ្ញប្បទានគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធបៃតង ហើយថវិកាដែលនៅសល់នឹងគាំទ្រដល់ SDGs ។ កម្មវិធីនេះនឹងរៀបចំគម្រោងនានាក្នុងការទាក់ទាញមូលនិធិដើម្បីបន្ថែមការចំណាយសាធារណៈ រួមទាំងពីប្រភពឯកជន ស្ថាប័ន និងពាណិជ្ជកម្មផងដែរ។
លោកបាននិយាយថា កម្មវិធី SIO-GFF មានគោលបំណងជំរុញឱ្យមានការកើនឡើងបានដល់ប្រាំបីដងនៃមូលនិធិដែលបានបណ្តាក់ទុកដើម្បីគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងអាកាសធាតុ និងជួយដល់ប្រទេសឥណ្ឌូណេស៊ីឱ្យរីកចម្រើនឆ្ពោះទៅរក SDGs ។
ប្រាក់កម្ចីដល់រដ្ឋាភិបាលឥណ្ឌូណេស៊ីនេះនឹងត្រូវបានផ្តល់ជាប្រាក់កម្ចីឡើងវិញដល់ក្រុមហ៊ុន PT Sarana Multi Infrastruktur ឬក្រុមហ៊ុន PT SMI ដែលជាស្ថាប័នហិរញ្ញវត្ថុហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងដោយរដ្ឋ ដែលនឹងគ្រប់គ្រងកម្មវិធីនោះ។
ធនាគារ ADB ក៏បានអនុម័តនូវជំនួយបច្ចេកទេស ដើម្បីជួយពង្រឹងសមត្ថភាពរបស់ក្រុមហ៊ុន PT SMI ក្នុងការអនុវត្តកម្មវិធីនោះ និងដើម្បីពង្រីកសេវាកម្មរបស់ក្រុមហ៊ុនសម្រាប់គាំទ្រដល់អ្នកខ្ចីផ្សេងទៀត និងជំរុញការផ្តល់មូលនិធិឯកជនទៀតផង។
ជំនួយបច្ចេកទេសនេះត្រូវបានផ្តល់មូលនិធិចំនួន ១,២លានដុល្លារអាមេរិកពីនាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្មរបស់ប្រទេសអូស្ត្រាលី ហើយថវិកាដែលនៅសល់គឺបានមកពីមូលនិធិពិសេសនៃភាពជាដៃគូអភិវឌ្ឍវិស័យហិរញ្ញវត្ថុរបស់ប្រទេសលុចសំបួរ៕