ដោយ៖ សុខុម
សៀងហៃ: ធនាគារកណ្តាលរបស់មហាយក្សចិន បានចាក់បញ្ចូលសាច់ប្រាក់យ៉ាងច្រើន រហូតដល់ទៅរាប់សិបពាន់លានដុល្លារអាមេរិក តាមរយៈឥណទានរយៈពេលមធ្យមទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុនៅថ្ងៃអង្គារ ទី១៥ ខែកុម្ភៈ នេះ និងបានរក្សាទុកអត្រាការប្រាក់ឱ្យនៅដដែលដោយគ្មានការផ្លាស់ប្ដូរ។
ធនាគារប្រជាជនចិន (PBOC) ដែលជាធនាគារកណ្ដាល បានប្រកាសថា ខ្លួននឹងរក្សាទុកអត្រាការប្រាក់លើឥណទានរយៈពេលមធ្យមចំនួន៣០០ពាន់លានយ៉េន (៤៧,២ពាន់លានដុល្លារអាមេរិក) សម្រាប់ស្ថាប័នហិរញ្ញវត្ថុមួយចំនួនឱ្យនៅដដែលដោយគ្មានការផ្លាស់ប្ដូរក្នុងអត្រា២,៨៥% ដូចដែលមជ្ឈដ្ឋានភាគច្រើនបានរំពឹងទុក ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន។
ការចាក់បញ្ចូលសាច់ប្រាក់នេះគឺមានចំនួនច្រើនជាង បើធៀបនឹងឥណទានបែបនេះ២០០ពាន់លានយ៉េន (៣១,៥ពាន់លានដុល្លារអាមេរិក) ដែលដល់ពេលកំណត់ត្រូវទូទាត់សងនៅសប្ដាហ៍នេះ។
កាលពីខែមករា ដើមឆ្នាំ២០២២ នេះ ធនាគារកណ្ដាលប្រទេសចិន បានបញ្ចុះអត្រាការប្រាក់លើឥណទានរយៈពេលមធ្យមពី២,៩៥%មកនៅត្រឹម២,៨៥%គួរឱ្យភ្ញាក់ផ្អើល។
ធនាគារកណ្តាលនេះក៏បានចាក់បញ្ចូលសាច់ប្រាក់ចំនួន១០ពាន់លានយន់ (១,៦ពាន់លានដុល្លារអាមេរិក) សម្រាប់ឥណទានរយៈពេលខ្លីទៅក្នុងប្រព័ន្ធធនាគារផងដែរ ទល់នឹងឥណទានបែបនេះចំនួន២០ពាន់លានយ៉េន (៣,១៥ពាន់លានដុល្លារអាមេរិក) ដែលដល់ពេលកំណត់ត្រូវទូទាត់សងនៅថ្ងៃអង្គារ ទី១៥ ខែកុម្ភៈនេះ៕