ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ការរីករាលដាលកាន់តែអាក្រក់នៃជំងឺកូវីដ ប្រភេទអូមីក្រុងបាននិងកំពុងធ្វើឲ្យបណ្តាប្រទេសក្នុងតំបន់ និងពិភពលោកជួបបញ្ហាជាថ្មី។
ចំណែកវិស័យទេសចរណ៍កម្ពុជា ក៏ដូចជាបណ្តាប្រទេសក្នុងតំបន់ក៏បាននិងកំពុងរងភាពស្ងប់ស្ងាត់ម្តងទៀត បន្ទាប់ពីមានក្តីសង្ឃឹមកាលពីដើមឆ្នាំនេះ។
ទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកធ្វើការជិតស្និទ្ឋជាមួយក្រុមហ៊ុនអន្តរជាតិជាច្រើនពាក់ព័ន្ឋវិស័យទេសចរណ៍ លោកហូ វណ្ឌី បានមានប្រសាសន៍ឲ្យដឹង តាមរយៈបណ្តាញទំនាក់ទំនងសង្គម កាលពីថ្ងៃទី១៤ កុម្ភៈថា ការកក់សំបុត្រយន្តហោះ និងការបើកជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍នានា បានជួបភាពស្ងប់ស្ងាត់ជាថ្មី ដោយសារការរីករាលដាលជំងឺកូវីដ១៩ ប្រភេទអូមីក្រុង។
លោកបន្តថា “ស្ថានភាពគឺស្ងប់ស្ងាត់ណាស់ ទាំងការរៀបចំកញ្ចប់ទស្សនកិច្ចរបស់ភ្ញៀវអន្តរជាតិ និងការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍នានា”។
លោកហូ វណ្ឌី បានបន្តថា រហូតមកទល់ពេលនេះ យើងនៅតែពិបាកក្នុងការទស្សន៍ទាយពីស្ថានភាពថា វានឹងវិលមករកភាពល្អប្រសើរនៅពេលណា ខណៈដែលស្ថានភាពរីករាលដាល ជំងឺកូវីដនៅតែបន្ត និងភាពមិនច្បាស់លាស់ នៃសេដ្ឋកិច្ចរបស់បណ្តាប្រទេសនានា៕