តើចំណេះដឹងហិរញ្ញវត្ថុមានសារៈសំខាន់បែបណាសម្រាប់ជីវិត?

ដោយៈម៉ាលីនណា

ភ្នំពេញៈ តើអ្វីទៅជាចំណេះដឹងហិរញ្ញវត្ថុ ឬ «Financial Literacy»? វាមានសារៈសំខាន់ដល់កម្រិតណាទៅ សម្រាប់ឆាកជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជាចំណេះដឹង ជំនាញ សមត្ថភាពគ្រប់​គ្រងលុយកាក់ និងការសម្រេចចិត្តថា ត្រូវធ្វើដូចម្ដេចជាមួយលុយកាក់ខ្លួន ឱ្យមានប្រសិទ្ធភាព។ អ្នកដែលមានចំណេះដឹងផ្នែកហិរញ្ញវត្ថុស៊ីជម្រៅ គឺពួកគាត់អាចចេះ ចាត់ចែងលុយកាក់ទាំងអម្បាលម៉ាន ប្រកបដោយប្រសិទ្ធភាព បានន័យថា បើទោះបីមានរឿងអ្វីក៏ដោយ ក៏បញ្ហាទាំងនោះមិនប៉ះពាល់ដល់ផ្នែកហិរញ្ញវត្ថុរបស់គាត់ដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នេះជាបទពិសោធន៍ និងមេរៀនដ៏សំខាន់ធ្វើឱ្យយើងដឹងថា ចំណេះដឹងហិរញ្ញវត្ថុមានសារៈសំខាន់ប៉ុនណា។

➊.ចៀសផុតពីការធ្លាក់ខ្លួនទៅក្នុងបំណុល
ចំណេះដឹងផ្នែកហិរញ្ញវត្ថុ បានបំភ្លឺឲ្យយើងឃើញថា យើងមិនអាចចាយលើសពីអ្វីដែលរកបានទេ ហើយយើងក៏មិនគួររបង្កើតបំណុល អាក្រក់ (ខ្ចីលុយទៅទិញសម្ភារៈ ដែលមិនផ្ដល់ផលចំណេញ) និងមិនត្រូវផ្ដល់អាទិភាពលើចំណង់ ធំជាងតម្រូវការដែរ ព្រោះទាំងអស់នេះជាមាគ៌ានាំទៅរកបំណុល។

ចំណេះដឹងហិរញ្ញវត្ថុ បានបង្រៀនឱ្យយើងម្នាក់ៗឲ្យបានស្គាល់ពី emergency fund និង sinking fund ជាដើម។ ជាក់ស្ដែង កាលពីរដ្ឋាភិបាលដាក់ចេញវិធានការបិទខ្ទប់ យើងមិនបានដឹងទុកមុនថាមាន lockdown ឬការបិទខ្ទប់មានរយៈពេលយូរប៉ុនណានោះទេ។

ដូចនេះ បើសិនយើងបានត្រៀមទុកemergency fund យើងអាចយកវាមកទ្រទ្រង់ចំណាយចាំបាច់ផ្សេងៗ ដូចជា ចំណាយទៅលើម្ហូបអាហារ ទឹកភ្លើង ថ្លៃបន្ទប់ជួល ថ្នាំសង្កូវ ជាដើម។

➋. បង្កើនការប្រុងប្រយ័ត្នជាមួយការចាយវាយ
ក្នុងអំឡុងពេលការរីករាតត្បាតជំងឺកូវីដ ចំណូលរបស់បុគ្គលចំនួនអាចនឹងត្រូវបានកាត់បន្ថយ ឬបាត់បង់ចំណូលទាំងស្រុង។ នេះហើយជាចំណុចផ្ដើម នៃអស្ថិរភាពនៃចរន្តចំណូល។ ចំណេះដឹងហិរញ្ញវត្ថុពាក់ព័ន្ធនឹងចំណាយសំខាន់ណាស់ ព្រោះវាត្រួសត្រាយពីវិធីសាស្ត្រ គន្លឹះកាត់បន្ថយចំណាយ ចំណាយដោយមានផែនការច្បាស់លាស់ (budgeting) ការចាយវាយឲ្យមានខ្ទង់ ឬចាយតែទៅលើអ្វីដែលចាំបាច់ជាដើម។

គ្រប់សម័យកាលទាំងអស់ មិនថាមុនកូវីដក្ដី អំឡុងពេលកូវីដក្ដី ឬក្រោយពេលកូវីដចប់ទៅក្ដី ចំណេះដឹងទាក់ទងការចាយវាយ ពិតជាសំខាន់ ជាពិសេសរដូវកាលកូវីដនេះតែម្ដង។ យើងម្នាក់ៗត្រូវតឹងរឹងជាមួយវិន័យចាយលុយ តែហ៊ានចាយខុសបន្តិច នឹងកើតមានភាពស្ដាយក្រោយជាមិនខាន។

អ្នកកុំមើលស្រាលចំណាយតូចៗ ដែលអ្នកគិតថាកំប៉ិកកំប៉ុក (ប្រ​ហោងធ្លាយតូចមួយ អាចធ្វើឲ្យសំពៅទាំងមូលលិចបាន)។

➌. ផ្លាស់ប្ដូរទម្លាប់ចាយវាយតាមស្ថានការណ៍
ចំណេះដឹងហិរញ្ញវត្ថុ នឹងផ្ដល់ភាពបត់បែនដល់បុគ្គលម្នាក់ៗ ក្នុងការគ្រប់គ្រងលុយកាក់ ឲ្យមានប្រសិទ្ធភាព ស្របតាមកាលៈទេសៈ។ ឧទា​ហរណ៍ថា យើងធ្លាប់តែមានទម្លាប់ ចាយវាយលុយកាក់តាមរូបមន្ត 50/30/20។ ប៉ុន្តែក្នុងស្ថានភាពបិទខ្ទប់ ទម្លាប់ដែលថ្លាប់តែចាយ 30% លើការកម្សាន្ត និង 20% សន្សំ អាចនឹងត្រូវប្ដូរមកជាការចាយវាយ 50/50 គឺសម្រាប់ចំណាយចាំបាច់ 50% និង50%ទៀតទុកសន្សំ ឬបន្ថែមទៅក្នុងកញ្ចប់ប្រាក់ emergency fund របស់យើង។

ដោយឡែក ក្រៅពីចេះចាយវាយ និងសន្សំឱ្យបានត្រឹមត្រូវ ចំណេះដឹងហិរញ្ញវត្ថុ ក៏បានបង្រៀនយើងឱ្យចេះបែងចែកលុយកាក់ ចេះវិនិយោគ និងព្យាយាមបង្កើនចំណូលបន្ថែម តាមមធ្យោបាយផ្សេងៗទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here