ធនាគារ វីង បង្កើនការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងវិស័យធនាគារនៅកម្ពុជា

ដោយ៖ ម៉ាលីស

ភ្នំពេញ ៖ ធនាគារវីងដែលទើបតែទទួលបានអាជ្ញាបណ្ណជាធនាគារពាណិជ្ជនៅកម្ពុជា បានបង្ហាញពីវឌ្ឍនភាពនៃបច្ចេកវិទ្យាឌីជីថលក្នុងវិស័យធនាគារ ក្នុងការផ្ដល់ភាពងាយស្រួលដល់ការបម្រើសេវាហិរញ្ញវត្ថុជូនប្រជាជនកម្ពុជា ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដំណើរទស្សនកិច្ចរបស់លោកលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ អ្នកឧកញ៉ា គិត ម៉េង ប្រធានកុ្រមបឹ្រក្សាភិបាលនៃធនាគារ វីង បានបង្ហាញពីរបៀបដែលធនាគារ វីង ប្រើប្រាស់ប្រព័ន្ធអេកូឌីជីថលដ៏ធំរបស់ខ្លួន និងបច្ចេកវិទ្យាឌីជីថលប្រកបដោយភាពច្នៃប្រឌិត ដើម្បីកាត់បន្ថយភាពយឺតយ៉ាវក្នុងការផ្តល់ប្រាក់កម្ចីរបស់អតិថិជនគាំទ្រដល់បរិយាបន្នហិរញ្ញវត្ថុ និងឌីជីថល ការបើកដំណើរការពាណិជ្ជកម្មអេឡិចត្រូនិក និងអភិបាលកិច្ចអេឡិចត្រូនិក ព្រមទាំងការគាំទ្រដល់ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបើកចំហ និងឌីជីថល។

អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា ធនាគារ វីង បាននិងកំពុងធ្វើការដោយយកចិត្តទុកដាក់ ដើម្បីធានាឱ្យបានថាក្នុងសហគមន៍អាចទទួលបានដំណោះស្រាយហិរញ្ញវត្ថុយ៉ាងទូលំទូលាយតាមប្រព័ន្ធឌីជីថល និងដោយផ្ទាល់ នៅពេលណាដែលពួកគេត្រូវការចាំបាច់។ ធនាគារ វីង ចង់ប្រើប្រាស់ផលិតផល និងសេវាកម្មហិរញ្ញវត្ថុឌីជីថលរបស់ខ្លួន ដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុដោយសារជំងឺរាតត្បាត និងជួយប្រជាជនកម្ពុជាឱ្យស្តារអាជីវកម្មរបស់ពួកគេឡើងវិញបានលឿនជាងមុន។

ធនាគារ វីង បានបង្កើតផលិតផលហិរញ្ញវត្ថុជាច្រើន សម្រាប់អតិថិជនជារូបវន្តបុគ្គល និងសាជីវកម្មនានា។ ផលិតផលទាំងនេះរួមមាន សេវាប្រាក់កម្ចី សេវាប្រាក់បញ្ញើ សេវាសន្សំខ្នាតតូច សេវាណែនាំឥណទាន សេវាផ្ទេរប្រាក់ ការទូទាត់ថ្លៃទឹកភ្លើង និងធានារ៉ាប់រង សេវាកម្មបើកប្រាក់បៀវត្សរ៍ ព្រមទាំងការបញ្ចូលទឹកប្រាក់ទូរស័ព្ទ។ លើសពីនេះ ធនាគារវីងក៏ផ្តល់ជូនការទូទាត់រាយតាមរយៈ WingPay ហើយថែមទាំងមានវេទិកាពាណិជ្ជកម្មអេឡិចត្រូនិច “វីងម៉ល” ផងដែរ។

លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីង បានឱ្យដឹងថា ធនាគារវីង គឺជាធនាគារពាណិជ្ជពេញលេញមួយ ដោយមានអ្នកប្រើប្រាស់ច្រើនសន្ធឹកសន្ធាប់ បច្ចេកវិទ្យាឌីជីថលប្រកបដោយភាពច្នៃប្រឌិត ផលិតផល និងសេវាកម្មដែលដោះស្រាយបញ្ហាផ្សេងៗ ព្រមទាំងបានចាប់ដៃគូជាមួយក្រុមហ៊ុនឈានមុខគេនៅក្នុងទីផ្សារពិភពលោក។ ធនាគារ វីង តែងតែផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើលទ្ធផលការងារឆ្នើម ដោយខិតខំផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ដើម្បីបំពេញតម្រូវការប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ។

ក្នុងបរិបទនៃកូវីដ១៩នេះ បច្ចេកវិទ្យាឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ គេសង្កេតឃើញថាមានកំណើនខ្ពស់ ដោយប្រជាពលរដ្ឋកាន់តែច្រើនបានយល់ដឹងនិងប្រើប្រាស់បច្ចេកវិទ្យានេះ សម្រាប់ប្រើប្រស់ក្នុងការទូទាត់ការចំណាយនានាក្នុងជីវភាពប្រចាំថ្ងៃ ហើយរំពឹងថាបច្ចេកវិទ្យាឌីជីថលក្នុងវិស័យហិរញ្ញវត្ថុនឹងកាន់តែមានកំណើនខ្ពស់បន្ថែមទៀត នៅពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here