ដោយៈ សុផារី
ភ្នំពេញៈ សាជីវកម្មធានាឥណទានកម្ពុជា និងធនាគារកម្ពុជាអាស៊ី បានរៀបចំ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទាន ដើម្បីធានាដល់ម្ចាស់អាជីវកម្ម ដែលខ្វះទ្រព្យតំកល់ ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់ លោកMitra Dwaipayan ប្រធាននាយកប្រតិបត្តិការ នៃធនាគារកម្ពុជាអាស៊ី និងលោកWong Keet Loong អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា នៅថ្ងៃទី៩ ខែកុម្ភៈ។
លោក Mitra Dwaipayan ប្រធាននាយកប្រតិបត្តិការ នៃធនាគារ កម្ពុជាអាស៊ី បានគូសបញ្ជាក់ថា “ធនាគារ កម្ពុជា អាស៊ី រីករាយស្វាគមន៍រាល់កិច្ចសហការទាំងឡាយណា ដែលផ្តល់គុណប្រយោជន៍ ដល់គ្រប់ភាគីចូលរួមទាំងអស់។ ជាក់ស្តែងតាមរយៈកិច្ចព្រមព្រៀងនេះ ម្ចាស់អាជីវកម្មអាចស្នើកម្ចីពីធនាគារ កម្ពុជា អាស៊ី សម្រាប់ពង្រីកនិងទ្រទ្រង់អាជីវកម្មបានយ៉ាងងាយស្រួល បើទោះបីជាពួកគេមិនមាន ទ្រព្យតម្កល់គ្រប់គ្រាន់ក៏ដោយ ចំណែកឯធនាគារវិញ ក៏កាន់តែមានទំនុកចិត្តខ្ពស់ ក្នុងការផ្តល់កម្ចីទៅកាន់ម្ចាស់អាជីវកម្ម។ លក្ខខណ្ឌដ៏ប្រសើរនេះ មិនអាចកើតឡើងបានឡើយ បើគ្មានគម្រោងផ្តួចផ្តើមពីសាជីវកម្មធានាឥណទានកម្ពុជា”។
លោកបានបន្ថែមថា “ប្រមាណជិត៣០ឆ្នាំនេះ ធនាគារកម្ពុជាអាស៊ី បានរួមចំណែកយ៉ាងច្រើន ដល់វិស័យធនាគារ និងហិរញ្ញវត្ថុ តាមរយៈការផ្តល់នូវសេវាធនាគារពាណិជ្ជ ដែលគិតគូរពីអត្ថប្រយោជន៍ និងឆ្លើយតបទៅនឹងតម្រូវការជូនអតិថិជនទាន់ពេលវេលា”។
លោក Wong Keet Long បានមានប្រសាសន៍ថា “ភាពជាដៃគូរវាង CGCC និង CAB នេះ នឹងធ្វើឱ្យ CAB ក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមទី២២របស់យើងក្នុងការផ្តល់ កម្ចីដែលមានការធានាដល់ម្ចាស់អាជីវកម្ម”។លោកបន្តថា “ស្ថាប័នហិរញ្ញវត្ថុកាន់តែច្រើន កំពុងតែចាប់ផ្តើមយល់អំពីអត្ថប្រយោជន៍នៃការធានាឥណទាន ដល់ស្ថាប័នរបស់ខ្លួន ជាពិសេសក្នុងការផ្តល់កម្ចីកាន់តែច្រើន និងទូលំទូលាយជាងមុនដល់អតិថិជន បើទោះបីជាទ្រព្យបញ្ចាំរបស់ពួកគាត់មានកំណត់ក៏ដោយ”។
លោកបានបន្ថែមថា “ជាមួយនឹងការចូលរួម ក្នុងគម្រោងធានាឥណទាន ពីស្ថាប័នហិរញ្ញវត្ថុកាន់តែច្រើននេះ CGCCពិតជាសង្ឃឹមថា ម្ចាស់អាជីវកម្មកាន់តែច្រើន នៅទូទាំងប្រទេសនឹងអាចទទួលបានហិរញ្ញប្បទានផ្លូវការកាន់តែច្រើន ហើយក៏កាន់តែបង្កើននូវសកម្មភាពសេដ្ឋកិច្ច ដែលជំរុញដល់ការរីកចម្រើន នៃសេដ្ឋកិច្ចជាតិទាំងមូលផងដែរ”៕