ដោយៈសុខុម
សេអ៊ូលៈ ក្រុមហ៊ុនសាងសង់ Samsung C&T Corp ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ Samsung Group ប្រកាសថា ខ្លួនបានទទួលកិច្ចព្រមព្រៀងសាងសង់ រោងចក្រមួយតម្លៃ៥១០លានដុល្លារអាមេរិក ពីប្រទេសវៀតណាម។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយនៅថ្ងៃសុក្រ ទី៤ កុម្ភៈ នេះ។

ក្រុមហ៊ុន Samsung C&T Corp បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធ ទី០២ កុម្ភៈ ថា ខ្លួនទទួលការកុម្ម៉ង់ ពីក្រុមហ៊ុនវៀតណាម PetroVietnam Power Corporation ឱ្យសាងសង់រោងចក្រថាមពលដំណើរការដោយច្ចេកវិទ្យាវដ្ដ នៃឧស្ម័នទួរប៊ីនរួមបញ្ចូលគ្នា (Combined Cycle Power Plant) ទី១ នៅប្រទេសវៀតណាម។

រោងចក្រផលិតថាមពលអគ្គិសនីប្រភេទនេះ ដំណើរការដោយការប្រើប្រាស់នូវបច្ចេកវិទ្យាវដ្ដ នៃឧស្ម័នទួរប៊ីនរួមបញ្ចូលគ្នា ដែលមានន័យថា វាមានទួរប៊ីនចំនួន២ គឺហ្គាសមួយ និងឡចំហាយមួយ។
ក្រុមហ៊ុន Samsung C&T Corp នឹងសហការជាមួយក្រុមហ៊ុនសាងសង់ក្នុងស្រុក Lilama Corp ដើម្បីសាងសង់ទួរប៊ីនឧស្ម័ន និងឡចំហាយ ម៉ាស៊ីនបង្កើតឡចំហាយកម្ដៅ (HRSG) អនុស្ថានីយ និងខ្សែបញ្ជូនថាមពលសម្រាប់រោងចក្រ។
ទោះជាយ៉ាងណា ក្រុមហ៊ុននេះមិនទាន់បានបញ្ជាក់ពីពេលវេលាចាប់ផ្ដើមដំណើរការសាងសង់រោងចក្រនេះ និងពេលវេលាបញ្ចប់ការសាងសង់ជាស្ថាពរនៅឡើយទេ៕ Vietnam News៕







