ដោយ៖ លក្ខិណា
ភ្នំពេញ ៖ នៅក្នុងបរិបទនៃកូវីដ១៩ វិស័យជាច្រើនដែលគាំទ្រដល់សេដ្ឋកិច្ចកម្ពុជា រួមទាំងធនាគារនិងហិរញ្ញវត្ថុបានទទួលរងផលប៉ះពាល់ ប៉ុន្តែដោយសារតែកូវីដ១៩នេះហើយបានធ្វើឱ្យវិស័យធនាគារនិងហិរញ្ញវត្ថុបានផ្លាស់ប្តូរការធ្វើនវានុវត្តន៍របៀបថ្មីដោយរឹងមាំ។ នេះបើតាមលោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា ថ្លែងក្នុងវេទិកាមួយកាលពីថ្ងៃទី៣ ខែកុម្ភៈនេះ។
លោកបានមានប្រសាសន៍ថា យើងឃើញហើយថាកូវីដ១៩ដែលបានកើតឡើងនេះ មិនត្រឹមតែមិនរំខានប៉ុន្តែវាជាឱកាសទៅវិញទេ ពីព្រោះយើងបានផ្លាស់ប្តូររបៀបរបបនៃការធ្វើការរបស់យើង ដោយកាលពីមុនយើងធ្វើការនៅក្នុងការិយាល័យ តែពេលនេះយើងអាចធ្វើការពីទីណាក៏បាន គ្រប់ទីតាំងទាំងអស់។ មួយទៀតនោះ នៅពេលមានកិច្ចប្រជុំអ្វីមួយយើងក៏មិនចាំបាច់រៀបចំទីតាំងជួបគ្នាផ្ទាល់ តែយើងអាចធ្វើការប្រជុំពីចំងាយ និងទី៣ យើងបានបង្កើតកម្មវិធី Software ជាច្រើន ដែលធ្វើឱ្យកាន់តែមានភាពងាយស្រួលក្នុងការបំពេញការងារ។
លោកបន្តថា កាលដើមឡើយការបង្កើតកម្មវិធីផ្សេងៗមានគោលដៅសំខាន់ៗសម្រាប់បង្កើនផលិតភាព និងប្រសិទ្ធភាពក្នុងការបំពេញការងារ តែមកដល់ពេលនេះ វាមានតួនាទីមួយទៀតគឺការបំពេញការងារនៅទីណាក៏បាន និងការសំខាន់មួយទៀតគឺការធានានូវនិរន្តរភាពអាជីវកម្ម។ ចំពោះផលិតផលបម្រើអតិថិជនវិញ កាលពីមុនយើងត្រូវការបម្រើនៅការិយាល័យ ហើយក្រោយមកទៀតយើងទទួលបម្រើនៅការិយាល័យតែ៨ម៉ោងក្នុងមួយថ្ងៃ និងនៅម៉ោងធ្វើការ ហើយមកដល់ពេលនេះយើងបានបំពេញការងារ២៤ម៉ោងក្នុងមួយថ្ងៃនៅតាមការិយាល័យ ដោយអតិថិជនអាចធ្វើប្រតិបត្តិការបានដោយខ្លួនឯង។
លោកបន្ថែមថា នវានុវត្តន៍មួយទៀតផងដែរ មកដល់ពេលនេះ អតិថិជនធនាគារទាំងអស់អាចធ្វើប្រតិបត្តិការពីផ្ទះបានដោយងាយស្រួលផងដែរ ដូចជាមធ្យោបាយអេបនានារបស់ធនាគារ ដោយអាចធ្វើការទូទាត់ការចំណាយនានានៅក្នុងទូរស័ព្ទដៃបានច្រើន។
លោកថា ក្នុងបរិបទនៃកូវីដ១៩នេះដែរ វិស័យធនាគារនិងហិរញ្ញវត្ថុកម្ពុជាក៏បានសហការជាមួយធនាគារនៅក្រៅប្រទេស ដើម្បីសម្រួលដល់ការទូទាត់ប្រាក់ឆ្លងប្រទេស ដែលអាចធ្វើឱ្យវិស័យហិរញ្ញវត្ថុនៅកម្ពុជាកាន់តែមានភាពទូលំទូលាយនៅក្នុងប្រទេសដទៃទៀត៕