តើធ្វើដូចម្តេចដើម្បីបុគ្គលិកចូលរួមចំណែកសកម្មក្នុងការរៀបចំគម្រោងផែនការរបស់ក្រុមហ៊ុន?

ដោយ៖ លក្ខិណា

ភ្នំពេញ៖ នៅក្នុងក្រុមហ៊ុនធំៗភាគច្រើន ការប្រតិបត្តិការងារគឺប្រព្រឹត្តិទៅតាមឋានានុក្រម ឬ ត្រូវបានគេកំណត់ពីថ្នាក់លើចុះមកក្រោម ដោយសារតែពួកគេ មានរចនាសម្ព័ន្ធច្បាស់លាស់ និងផ្ដោតលើភាពជំនាញរបស់បុគ្គលិកម្នាក់ៗ ក្នុងផ្នែកនីមួយៗ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយឡែក ធុរកិច្ចបង្កើតថ្មី ដែលមិនទាន់មានរចនាសម្ព័ន្ធរឹងមាំ ការចូលរួមជាគំនិត យោបល់ពីបុគ្គលិកម្នាក់ៗពិតជាសំខាន់ណាស់ ដើម្បីបានគំនិតច្នៃប្រតិដ្ឋថ្មីៗសម្រាប់អភិវឌ្ឍអាជីវកម្ម។ ការធ្វើបែបនេះមិនត្រឹមតែជួយលើកទឹកចិត្ត និងបំផុសឱ្យ​បុគ្គលិកមានគំនិតថ្មីនោះទេ វាថែមទាំងជួយជំរុញឲ្យក្រុមហ៊ុនទទួលបានភាពជោគជ័យថែមទៀតផង។

ខាងក្រោម​នេះ​ជា​ដំណាក់កាល៣ ដើម្បីជំរុញឱ្យ​និយោជិកបានចូលរួមចំណែកក្នុងគម្រោងផែនការរបស់ក្រុមហ៊ុន៖

១ មុនពេលរៀបចំគម្រោងផែនការ៖ និយោជកគួរតែបង្កើនទំនាក់ទំនង និងភាពជិតស្និតជាមួយបុគ្គលិកជាមុនសិន រួចផ្តល់នូវអ្វីដែលអាចជួយជំរុញដល់ភាពជោគជ័យរបស់ពួកគេដូចជា សិក្ខាសាលា វគ្គ Training និងគួរណាចង្អុលបង្ហាញឲ្យពួកគេស្គាល់ច្បាស់ពីបេសកម្ម និងចក្ខុវិស័យរបស់ស្ថាប័នផ្ទាល់។ នៅពេលដែលបុគ្គលិកយល់ច្បាស់ពីបេសកកម្ម និងចក្ខុវិស័យរបស់ក្រុមហ៊ុនហើយ និយោជកអាចប្រាប់ពីគម្រោងផែនការដែលក្រុមហ៊ុនគ្រោងនឹងធ្វើ ដើម្បីលើកទឹកចិត្តឲ្យបុគ្គលិកបញ្ចេញនូវមតិយោបល់និងគំនិតរបស់ពួកគេ។

២ អំឡុងពេលរៀបចំគម្រោងផែនការ៖ នៅពេលដែលទទួលបានការបញ្ចេញមតិយោបល់ និងគំនិតដែលបានលើកឡើងពីសំណាក់និយោជិកទាំងអស់ហើយ និយោជកត្រូវបើកចិត្តទទួលនូវគំនិតទាំងអស់នោះដោយមិនលំអៀង និងសម្តែងការអរគុណ ដើម្បីលើកទឹកចិត្តបុគ្គលិកក្នុងការបញ្ចេញយោបល់ថែមទៀតនៅក្នុងកិច្ចប្រជុំក្រោយៗ។ និយោជកក៏មានតួនាទីក្នុងការគិតពិចារណាឲ្យបានល្អិតល្អន់ ដើម្បីសម្រេចចិត្តថាតើយោបល់មួយណាដែលល្អ បំផុត និងអាចយកមកអនុវត្តបាន។

៣ ក្រោយពេលរៀបចំគម្រោងផែនការ៖ ជំហានចុងក្រោយបង្អស់ដែលនិយោជកគួរធ្វើគឺសម្រេចចិត្តថាគម្រោងផែនការនឹងត្រូវប្រព្រឹត្តទៅដោយរបៀបណា គំនិតណាខ្លះត្រូវបានយកមកអនុវត្តន៍ ព្រមទាំងទំនាក់ទំនងទៅកាន់បុគ្គលិកវិញ ដើម្បីឲ្យពួកគេបានដឹងពីការសម្រេចចិត្តរបស់អ្នកគ្រប់គ្រងរបស់ពួកគេ។ ដោយសារតែបុគ្គលិកបានចូលរួមចំណែកក្នុងការរៀបចំគម្រោងផែនការរបស់ក្រុមហ៊ុនតាំងពីជំហានដំបូង ដូច្នេះនិយោជកមានភាពងាយស្រួលក្នុងការចាត់ចែងការងារឲ្យទៅបុគ្គលិកដែលមានសក្តានុពលក្នុងការអនុវត្តន៍គម្រោងការនោះ។

សរុបមក ការចូលរួមរបស់បុគ្គលិកពិតជាមានសារសំខាន់មិនថាក្រុមហ៊ុនតូចឬធំនោះទេ ហើយការលើកទឹកចិត្តពីសំណាក់និយោជកទៅកាន់បុគ្គលិកក៏សំខាន់ដូចគ្នា ដើម្បីឲ្យពួកគេមានទឹកចិត្ត និងភាពក្លាហាននៅក្នុងការបញ្ចេញមតិយោបល់ក្នុងកិច្ចការនានារបស់ក្រុមហ៊ុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here