ដោយ៖ លក្ខិណា
ភ្នំពេញ ៖ រយៈពេល២ឆ្នាំកន្លងទៅនេះ វិស័យទេសចរណ៍កម្ពុជាបានបន្តធ្លាក់ចុះកាន់តែខ្លាំងដោយសារតែវិបត្តិនៃជំងឺកូវីដ១៩ ជាក់ស្ដែងឆ្នាំ២០២០ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន១,៣លាននាក់ ធ្លាក់ចុះរហូតដល់ជាង៨០ភាគរយ តែមកដល់ឆ្នាំ២០២១ ភ្ញៀវទេសចរអន្តរជាតិបានបន្តធ្លាក់ចុះបន្ថែមទៀត ដោយក្នុងមួយឆ្នាំពេញ២០២១ ចំនួនភ្ញៀវទេសចរអន្តរជាតិមកដល់កម្ពុជាមានត្រឹមតែ ១៩៦.៤៩៥នាក់ប៉ុណ្ណោះ ធៀបនឹងឆ្នាំ២០២០ធ្លាក់ចុះ៨៥ភាគរយ។
តាមរបាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជាចេញផ្សាយនៅថ្ងៃទី១ខែកុម្ភៈ២០២២នេះបានបង្ហាញថា ចាប់ពីខែមករា រហូតដល់ខែតុលា២០២២ ចំនួនភ្ញៀវទេសចរបរទេសមកដល់កម្ពុជាបានធ្លាក់ចុះជាបន្តបន្ទាប់ ជាពិសេសចាប់តាំងពីកម្ពុជាបានជួបនឹងប្រទះនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ២០២១ ពីការឆ្លងរាលដាលនៃកូវីដ១៩។
របាយការណ៍បង្ហាញផងដែរថា ក្នុងចំណោមភ្ញៀវទេសចរបរទេសទាំងជាង១៩ម៉ឺននាក់នោះ មានមកតាមច្រកអាកាសយានដ្ឋានអន្តរជាតិទាំងបីចំនួន ៩៩.៨២៩នាក់ តាមច្រកព្រំដែន និងតាមផ្លូវទឹកមានចំនួន៩៦.៦៦៦នាក់ ក្នុងនោះភ្ញៀវថៃបានជាប់ចំណាត់ថ្នាក់លំដាប់ទី១ខណៈភ្ញៀវចិនបានធ្លាក់ទៅលំដាប់ទី២ និងវៀតណាមបានជាប់ចំណាត់ថ្នាក់ទី៣ជាភ្ញៀវបរទេសមកដល់កម្ពុជាច្រើនជាងគេ។
យ៉ាងណាក្ដី បើតាមមន្ត្រីអាកាសចរស៊ីវិលកម្ពុជាបានថ្លែងផងដែរថា កំណើនភ្ញៀវទេសចរនិងអ្នកដំណើរតាមផ្លូវអាកាសបានចាប់ផ្ដើមកើនឡើងវិញក្រោយពេលប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោហ៊ុនសែន បានប្រកាសពីការបើកប្រទេសនិងអនុញ្ញាតឱ្យអ្នកដំណើរមកពីប្រទេសអាចចូលមកកម្ពុជានិងមិនចាំបាច់ធ្វើចត្តាឡីស័ក បើតេស្តឃើញអវិជ្ជមានកូវីដ១៩។
លោកស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរស៊ីវិលបានឱ្យដឹងថា វត្តមានមេរោគកូវីដ១៩បម្លែងថ្មីអូមីក្រុងនេះក៏អាចនឹងធ្វើឱ្យប៉ះពាល់ដល់ការមកដល់នៃអ្នកដំណើរមកពីបរទេសចូលកម្ពុជាផងដែរ ជាពិសេសប្រទេសមួយចំនួនក្នុងបានរឹតបន្តឹងវិធានការឡើងវិញ តែយ៉ាងណាកម្ពុជានៅតែអនុញ្ញាតឱ្យអ្នកដំណើរមកពីបរទេសចូលមកដដែលគ្រាន់តែបន្ថែមការធ្វើតេស្តរកមេរោគកូវីដ១៩ បើសិនជាអវិជ្ជមាន គេអាចដើរហើរបានតែបើសិនជាវិជ្ជមានគេត្រូវដាក់ព្យាបាលឱ្យជាសះស្បើយសិន៕