ដោយៈ គង់ សូរិយា
ភ្នំពេញៈ ដោយសារទំនាក់ទំនងកាន់តែល្អប្រសើរ រវាងមេដឹកនាំនៃប្រទេសទាំងពីរ បានធ្វើឲ្យទំហំពាណិជ្ជកម្មរវាងកម្ពុជា ចិនសម្រេចបានកំនើនជាង១១ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន។

យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន ក្នុងឆ្នាំ២០២១ មានទឹកប្រាក់សរុបប្រមាណ១១.១៤៤ ពាន់លានដុល្លារអាមេរិក មានកំណើន៣៧.២៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។

ក្នុងទំហំទឹកប្រាក់ដ៏សន្ឋឹកសន្ឋាប់នេះ ទំហំនៃការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសចិន មានទឹកប្រាក់ប្រមាណ១.៥១ ពាន់លានដុល្លារអាមេរិក មានកំណើន៣៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០។ រីឯទំហំនៃការនាំចូលពីចិន មកកាន់ប្រទេសកម្ពុជា មានទឹកប្រាក់ប្រមាណ៩.៦៣ ពាន់លានដុល្លារអាមេរិក មានកំណើន៣៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០កន្លងមកនេះ៕







