ប្រទេសអេហ្ស៊ីបបង្ហាញបំណងពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយកម្ពុជាបន្ថែមទៀតលើគ្រប់វិស័យ

ដោយៈ សុផារី

កម្ពុជាៈ លោក Moustapha Mahmond ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីបប្រចាំនៅកម្ពុជា បានបញ្ជាក់ថា អេហ្ស៊ីបពិតជាមានបំណងពង្រឹងនិងពង្រីកទំនាក់ទំនង ជាមួយកម្ពុជាបន្ថែមទៀត លើគ្រប់វិស័យរួមមានវប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំជាដើម ខណៈប្រទេសទាំងពីរបានភ្ជាប់ទំនាក់ទំនងការទូតតាំងពីទស្សវត្សរ៍៥០មកម្លេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួបជាមួយលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសរបស់ប្រទេសកម្ពុជា នារសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកMoustapha Mahmond ក៏បានបញ្ជាក់ថា សាធា​រណរដ្ឋអារ៉ាប់អេហ្ស៊ីប ដែលតែងតែផ្តល់នូវកិច្ចសហប្រតិបត្តិការគាំទ្រដល់ប្រទេសកម្ពុជា ជាពិសេសបានផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជាជាច្រើននាក់ ហើយប្រទេសអេហ្ស៊ីប នឹងបន្តផ្តល់អាហារូបករណ៍បន្ថែមទៀតដល់សិស្សនិស្សិតកម្ពុជា។

ជាមួយគ្នានោះដែរ លោក អូស្មាន ហាស្សាន់ ក្នុងនាមជាបេសកជនពិសេសរបស់កម្ពុជា ប្រចាំនៅអង្គការសហប្រតិបត្តិការឥស្លាម ហៅកាត់ថា OIC នឹងខិតខំពង្រឹង និងពង្រីកទំនាក់ទំនងបន្ថែមទៀត ដើម្បីជាប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ ក៏ដូចជា ប្រទេសទាំងអស់ដែលជាសមាជិក OIC ដែលជាអង្គការនៃប្រទេសឥស្លាម ដែលធំលំដាប់ទី២ បន្ទាប់ពីអង្គការសហប្រជាជាតិ។

ប្រទេសអេហ្ស៊ីប ដែលមានប្រជាជនជាង១០២លាននាក់ ជារដ្ឋសមាជិកនៃOIC ដែលមានរដ្ឋជាសមាជិកចំនួន៥៧ប្រទេស តំណាងឱ្យប្រជាជនជិត២ពាន់លាននាក់ នៅក្នុងពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here