ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកសុខ សុភ័ក្ត្រ ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Domingos Lopes Antune អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសទីម័រខាងកើត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាលើចំនុចសំខាន់ៗមួយចំនួន រួមមានទី១ ដំណើរការចូលជាសមាជិកអាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោក (WTO) របស់ទីម័រខាងកើត ទី២ ការលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងទី៣ ការចែករំលែកនូវបទពិសោធន៍របស់កម្ពុជា ក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការអនុវត្តកិច្ចព្រមព្រៀងអន្តរជាតិក្រោមក្របខ័ណ្ឌអាស៊ាន។

លោកសុខ សុភ៍័ក្របានគូសបញ្ជាក់ពីសារៈសំខាន់ ក្នុងការបន្តពង្រឹងទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងបានជម្រាបជូនពីការគាំទ្រ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាកន្លងមក ចំពោះបេសកកម្មរបស់ប្រទេសទីម័រខាងកើត ក្នុងការចូលជាសមាជិកអាស៊ាន និងអង្គការ WTO។
លោកបន្តថា ក្នុងឋានៈកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជានឹងបន្តផ្តល់ការគាំទ្រ ដល់ប្រទេសទីម័រខាងកើត ជាពិសេសនឹងបន្តជំរុញ និងសម្របសម្រួលជាមួយសមាជិកអាស៊ាន ក្នុងការរៀបចំបេសកកម្មស្វែងរកការពិត (AEC – Fact-Finding Mission) នៃសហគមន៍សេដ្ឋកិច្ចអាស៊ាន ទៅកាន់ប្រទេសទីម័រខាងកើតក្នុងពេលឆាប់ៗខាងមុខនេះ។

ជាមួយគ្នានោះ លោករដ្ឋលេខាធិការបានស្នើភាគីទីម័រ ខាងកើតពិនិ ត្យលទ្ធភាពពន្លឿន ការចុះអនុស្សរណៈយោគយោល់គ្នា (MoU) ក្នុងការបង្កើនការនាំចូលអង្ករកម្ពុជា និងបានលើកទឹកចិត្តឱ្យបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីលើទំនិញសំខាន់ៗដទៃទៀត ជាពិសេសកសិផលសក្តានុពលរបស់កម្ពុជាតាមរយៈការចុះហត្ថលេខា លើ MoU ឬការជួបគ្នានៃវិស័យឯកជន។
អនុរដ្ឋមន្ត្រីបានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែផ្តល់ការគាំទ្រ ដល់ប្រទេសទីម័រខាងកើត ក្នុងដំណើរការសុំចូលជាសមាជិកអាស៊ាន និងអង្គការ WTO ព្រមទាំងបានថ្លែងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពវ័យឆ្លាតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលជាច្រើន ជាពិសេសសន្តិភាព និងការរក្សាបាននូវកំណើនសេដ្ឋកិច្ច ដែលទីម័រខាងកើតអាចយកធ្វើជាគំរូ និងអនុវត្តតាម៕







