កម្ពុជានិងសហភាពអារ៉ាប់រួម គ្រោងបង្កើតFTAជាមួយគ្នា ដើម្បីជំរុញឱកាសវិនិយោគ

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ នៅក្នុងឱកាសរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាចូលរួមក្នុងពិព័រណ៍ពិភពលោកនៅទីក្រុងឌុយបៃ ប្រទេសអារ៉ាប់រួម លោកបានជួបជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិនៃសហភាពអារ៉ាប់រួមនិងបានពិភាក្សាលើលទ្ធភាព នៃការចុះកិច្ចព្រមព្រៀងពណិជ្ជកម្មសេរីដើម្បីជំរុញឱកាសវិនិយោគរវាងប្រទេសទាំងពីរ។

លោកបណ្ឌិត ថានីប៊ីន អាម៉េដ អាល់ហ៊្សេរយូឌី រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិនៃអារ៉ាប់រួម បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកម្ពុជា និងបានសម្តែងការកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានគាំទ្រ និងចូលរួមពិព័រណ៍ពិភពលោកឌុយបៃ ២០២០ ដែលមានរយៈពេល៦ខែនេះ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ លោកបណ្ឌិតបានជម្រាបជូនគណៈប្រតិភូកម្ពុជា អំពីស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍របស់សហភាពអារ៉ាប់រួម ព្រមទាំងបានស្នើឱ្យភាគីកម្ពុជាជួយផ្តល់ព័ត៌មានអំពីសក្ដានុពលវិនិយោគនៅកម្ពុជា និងសិក្សាបន្ថែមអំពីលទ្ធភាពវិនិយោគរួមគ្នានាពេលអនាគត ជាពិសេស លោកចង់ឱ្យមានក្រុមការងារមួយ ដើម្បីសិក្សា និងពិនិត្យលទ្ធភាពក្នុងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងប្រទេសទាំងពីរ ដូចដែលសហភាពអារ៉ាប់រួមបានធ្វើជាមួយប្រទេសឥណ្ឌា និងបណ្តាប្រទេសអាស៊ានមួយចំនួនកន្លងមក ក្នុងគោលបំណងបង្កើនសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរថែមមួយកម្រិតទៀត។

លោកប៉ាន សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាឱ្យដឹងថា កម្ពុជាមានធនធានធម្មជាតិអំណោយផលជាច្រើន មានកសិផលរាប់ពាន់មុខ និងមានវិស័យសក្តានុពលជាច្រើនដែលកំពុងអភិវឌ្ឍដូចជា វិស័យទេសចរណ៍តំបន់ឆ្នេរសមុទ្រ វិស័យវប្បធម៌តំបន់ប្រាសាទបុរាណ ជាពិសេសប្រាសាទអង្គរវត្ត វិស័យដឹកជញ្ជូនមានព្រលានយន្តហោះ កំពង់ផែ ផ្លូវថ្នល់ សំណង់អគារ ។ល។ ដែលសហភាពអារ៉ាប់រួមអាចមកធ្វើការវិនិយោគនៅកម្ពុជាបាន។

លោកបានបញ្ជាក់ថា កម្ពុជាក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយចិន និងកូរ៉េ ហើយក៏កំពុងបន្តចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូសំខាន់ៗមានជាអាទិ៍ ជប៉ុន ឥណ្ឌា ម៉ុងហ្គោលី កាណាដា អង់គ្លេស ដើម្បីធ្វើពិពិធកម្មទីផ្សារ និងជំរុញការនាំចេញស្របតាមគោលនយោបាយយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានឯកភាពជាមួយភាគីសហភាពអារ៉ាប់រួម ចំពោះការបង្កើតក្រុមការងារមួយ ដើម្បីសិក្សាអំពីលទ្ធភាពក្នុងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)។

ភាគីទាំងពីរបានឯកភាពគ្នាថានឹង ធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសរៀងៗខ្លួន ដើម្បីសិក្សាបន្ថែមអំពីឱកាសវិនិយោគរួមគ្នាលើវិស័យសក្តានុពលនានា និងជំរុញឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងប្រទេសទាំងពីរនាថ្ងៃអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here