ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារកើនឡើងដល់ជាង៦៨បាន់លានដុល្លារ

ដោយៈលក្ខិណា

ភ្នំពេញៈ សុខភាពវិស័យធនាគារក្នុងប្រទេសកម្ពុជា ឆ្នាំ២០២១កន្លងទៅឃើញថា នៅតែមានភាពល្អប្រសើរ ទាំងទំហំឥណទាន និងប្រាក់បញ្ញើ រនៅតាមគ្រឹះស្ថាននានា។

ដោយឡែកទ្រព្យសកម្ម ក្នុងប្រព័ន្ធធនាគារក៏ឃើញថា នៅតែមានសន្ទុះងើបឡើងបន្តទៀត ដោយរក្សាបានកំណើន១៦ភាគរយ ក្នុង២០២១កន្លងទៅទោះបីមានការយារយីពីវិបត្តិកូវីដ១៩ក្ដី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយនៅក្នុងសប្ដាហ៍ទី៣ នៃខែមករា២០២២នេះ បានឱ្យដឹងថា ទ្រព្យសក្មរបស់ប្រព័ន្ធធនាគារមានកំណើន ប្រមាណ១៦ភាគរយ ក្នុងឆ្នាំ២០២១កន្លងទៅ ដែលធ្វើឱ្យទ្រព្យសកម្ម បានឡើងដល់៦៨,២ពាន់លានដុល្លារអាមេរិក ក្នុងនោះ ឥណទានអតិថិជនបានកើនឡើង២១,២ភាគរយ ពោលគិតជាទឹកប្រាក់វិញបានកើនឡើង ដល់៤៥,៧ពាន់លានដុល្លារអាមេរិក។

ចំណែកប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារវិញ ក៏បានកើនឡើងប្រមាណ១៥,៤ភាគរយ ស្មើនឹងទឹកប្រាក់ប្រមាណ៣៨,៥ពាន់លានដុល្លារអាមេរិក ហើយដើមទុនរបស់ប្រព័ន្ធធនាគារ ក៏បានកើនឡើង១៨ភាគរយដែរ ស្មើនឹងទឹកប្រាក់៧,៦ពាន់លានដុល្លារអាមេរិក។

ក្នុងរបាយការណ៍ថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានបន្តចូលរួមលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ដែលឆ្លុះបញ្ចាំង តាមរយៈការកើនឡើងនៃចំនួនគណនីប្រាក់បញ្ញើ អតិថិជនដល់១២,១លានគណនី និងគណនីឥណទានអតិថិជនមាន៣,៣លានគណនី។

ទីស្នាក់ការកណ្ដាល និងសាខាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានចំនួន២៦០០ទីតាំង និងមានម៉ាស៊ីនដក និងដាក់ប្រាក់ស្វ័យប្រវត្តិ ( ATM ) មានចំនួន៣.៥១២។

លើសពីនេះ ដើម្បីរួមចំណែកជួយសម្រួលបន្ទុកប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានផ្ដល់ការអនុគ្រោះដល់អ្នកខ្ចីប្រាក់ តាមរយៈការរៀបចំឥណទានឡើងវិញ ចំនួនជាង ៣៧០ពាន់គណនី ស្មើនឹងទឹកប្រា់ប្រមាណ៥,៤ពាន់លានដុល្លារអាមេរិក។

របាយការណ៍ដដែលបញ្ជាក់ថា ប្រព័ន្ធធនាគារមានភាពធន់ នឹងវិបត្តិដែលឆ្លុះបញ្ចាំតាមរយៈសូចនាករសំខាន់ៗ រួមមាន ទី១ ភាពរឹងមាំនៃដើមទុន ដោយអនុបាតសាធនភាព មានកម្រិត២៣,៤ភាគរយ សម្រាប់វិស័យធនាគារនិង២១,៣ភាគរយ សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ ទី២ កម្រិតខ្ពស់នៃអនុបាតក្របខ័ណ្ឌសន្ទនីយភាព ដោយគ្រឹះស្ថានធនាគារពាណិជ្ជ មានកម្រិត១៥៥,៩ភាគរយ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ១២៥ភាគរយ។

ទី៣កម្រិតទាបនៃអនុបាតឥណទាន មិនដំណើរការរបស់វិស័យធនា​គារនិងវិស័យមីក្រូហិរញ្ញវត្ថុ ក្នុងកម្រិតប្រហាក់ប្រហែលប្រមាណ២,៤ភាគរយ និងទី៤ លទ្ធភាពស្វែងរកប្រាក់ចំណេញមានស្ថិរភាពល្អ ដោយអនុបាតប្រាក់ចំណេញ ធៀបនឹងទ្រព្យសកម្មមានកម្រិត១,៨ភាគរយ សម្រាប់វិស័យ​ធនាគារ និង៣ភាគរយសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here