ដោយៈ សុធារី
ក្រុងព្រះសីហនុៈ សណ្ឋាគារលំដាប់ខ្ពស់ចំនួន៥ ទទួលបានពានរង្វាន់ស្ដង់ដាសណ្ឋាគារ បៃតងអាស៊ានលើកទី៨ (8th ASEAN GREEN HOTEL STANDARD) នៅក្នុងវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ (ATF2022) ដែលរៀបចំឡើងចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។

កម្ពុជាជាម្ចាស់ផ្ទះ ក្នុងការរៀបចំវេទិកាទេសចរណ៍អាស៊ាន នៅឆ្នាំ ២០២២ ដែលនឹងកំណត់ធ្វើឡើងនៅខេត្តព្រះសីហនុ ក្រោមប្រធានបទ “អាស៊ាន៖ សហគមន៍សន្តិភាព និងវាសនាតែមួយ ASEAN- A Community of Peace and Shared Future”។

លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានផ្ដល់ពានរង្វាន់ស្ដង់ដាសណ្ឋាគារបៃតងអាស៊ានលើកទី៨ (8th ASEAN GREEN HOTEL STANDARD) ទាំង៥រួមមាន ទី១ កោះសង្សារ (SONGSAA PRIVATE ISLAND) នៅខេត្តព្រះសីហនុ ទី២ សណ្ឋាគារភូមិបៃតង (PHUM BAITANG HOTE) នៅខេត្តសៀមរាប ទី៣ សណ្ឋាគារ ROSEWOOD PHNOM PENH នៅរាជធានីភ្នំពេញ ទី៤ សណ្ឋាគារ JIN BEI PALACE នៅខេត្តព្រះសីហនុ និងទី៥ សណ្ឋាគារ HYATT REGENCY PHNOM PENH នៅរាជធានីភ្នំពេញ។

សណ្ឋាគារទាំងនេះ សុទ្ធតែមានលំដាប់ពិន្ទុខ្ពស់ ក្នុងការចូលរួមជាបេក្ខភាព ក្នុងគោលបំណងផ្សព្វផ្សាយ អំពីសក្ដានុពលផលិតផលទេសចរណ៍ផ្នែកសេវាកម្មស្នាក់នៅរបស់កម្ពុជា បានរៀបចំទីតាំងស្របតាមស្ដង់ដាសណ្ឋាគារបៃតងអាស៊ាន និងជាសញ្ញាណបង្ហាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អំពីគោលដៅទេសចរណ៍កម្ពុជា ដែលភ្ញៀវមកកម្សាន្តនៅកម្ពុជា ប្រកបដោយភាពកក់ក្ដៅ និងមិនបារម្ភពីការឆ្លងមេរោគកូវីដ១៩៕








