ដោយៈលក្ខិណា
ភ្នំពេញៈ វត្តមានមេរោគកូវីដ១៩បម្លែងថ្មីប្រភេទអូមីក្រុង ត្រូវបានរកឃើញ ជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងរយៈប៉ុន្មានថ្ងៃចុងក្រោយនេះ ក៏មានការរាលដាលនៅក្នុងសហគមន៍ផងដែរ។
ប៉ុន្តែទោះជាយ៉ាងណាក្ដី វត្តមានមេរោគកូវីដ១៩ ប្រភេទអូមីក្រុងនេះ មិនទាន់បង្កជាបញ្ហាដល់អ្នកដំណើរ ពីបរទេសចូលកម្ពុជានៅឡើយ ។ នេះបើតាមលោកផាន អូន អ្នកពាក្យរដ្ឋលេខាធិការអាកាសចរស៊ីវិលនៅថ្ងៃទី១១ មករា ២០២២ នេះ។
លោកបានបន្តថា នៅពេលបច្ចុប្បន្ននេះ អ្នកដំណើរចូលមកកម្ពុជា តាមផ្លូវអាកាស បានកើនឡើងដល់ចន្លោះ៨០០នាក់ ដល់ជាង១ពាន់នាក់ក្នុងមួយថ្ងៃ ខណៈមុនពេលរដ្ឋាភិបាលបើកប្រទេស មានអ្នកដំណើរតែប្រមាណ៧០នាក់ទៅ១០០នាក់ប៉ុណ្ណោះ ក្នុងមួយថ្ងៃ។
លោកផាន អូនបន្តទៀតថា ថ្វីត្បិតតែមកដល់ពេលនេះ កម្ពុជារកឃើញវត្តមានមេរោគកូវីដ១៩ក្ដី ប៉ុន្តែវាមិនទាន់បង្កផលប៉ះពាល់ដល់អ្នកដំណើរចូលមកកម្ពុជា និងចំនួនជើងហោះហើរ ពីបរទេសចូលមកកម្ពុជា និងពីកម្ពុជាទៅបរទេសនៅឡើយ។ តែយ៉ាងណានៅពេលខាងមុខនេះយើងមិនអាចដឹងថា តើមេរោគកូវីដ១៩ប្រភេទ អូមីក្រុងនេះ នឹងបង្កជាផលប៉ះពាល់យ៉ាងណា ដល់វិស័យអាកាសចរឡើងវិញនោះដែរ ។
ទោះជាយ៉ាងណា លោកធួន ស៊ីណានប្រធានសមាគទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាក៏បានឱ្យដឹងផងដែរថា មេរោគអូមីក្រុងនេះ បាននិងកំពុងវាយលុកលុយ នៅតំបន់អឺរ៉ុប និងអាមេរិក ហើយក៏ធ្វើឱ្យអ្នកដំណើរពីអាមេរិក និងអឺរ៉ុប ដែលគ្រោងនឹងចូលមកកម្ពុជានៅអំឡុងខែមីនា និងមេសាបានលុបចោលសំបុត្រយន្តហោះ និងសំបុត្រធ្វើដំណើរកម្សាន្តមួយចំនួនផងដែរ លើកលែងតែអ្នកអ្នក ដែលមានការចាំបាច់ត្រូវតែចោលមកកម្ពុជា គេមិនបានលុបចោលសំបុត្រនិងការធ្វើដំណើរនោះឡើយ ។
លោកបន្តថា “វិស័យទេសចរណ៍កម្ពុជា នៅតែបន្តរងផលប៉ះពាល់ដដែល ដរាបណាមេរោគកូវីដ១៩នេះ មិនទាន់បាត់បង់ពីពិភពលោកទោះបីជាកម្ពុជា មិនមានករណីឆ្លងថ្មីៗក៏ដោយ ពីព្រោះថាវិស័យទេសចរណ៍វាមានការជាប់ពាក់ព័ន្ធគ្នា ពីប្រទេសមួយទៅប្រទេសមួយទៀត”៕